ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានបំភ្លឺចំពោះសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដែលមានចំណងជើងថា «ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ» ដោយបញ្ជាក់ថា ខ្លឹមសារខ្លះអាចបង្កឱ្យមានការយល់ច្រឡំ។

ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបាញ់គ្រាប់បែកប្រភេទ ៤០ មីលីម៉ែត្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនមែនជាការពិតឡើយ។ កម្ពុជា បានបំភ្លឺជាផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយបញ្ហានេះក៏ត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗដោយក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរ។
ពាក់ព័ន្ធនឹងរូបសំណាកតាអ៊ុំ នៅតំបន់អានសេះ ខេត្តព្រះវិហារ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ទីតាំងនេះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដោយផ្អែកលើផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ដូច្នេះ ការទាមទារដែលផ្អែកលើផែនទីលេខ L៧0១៧ ដែលគូសជាឯកតោភាគីដោយភាគីថៃ មិនមានសុពលភាពតាមផ្លូវច្បាប់ឡើយ។
ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានផ្ញើលិខិតអញ្ជើញចំនួន ៥លើកជាប់គ្នាទៅភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែងចម្រុះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងគោលបំណងពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅតំបន់អាទិភាព ឬតំបន់រសើប។


ជាចុងក្រោយ កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ពីភាគីទាំងពីរ ដើម្បីអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ៕

