កំពង់ធំ៖ កុមារ២នាក់រើសបានគ្រាប់មិនទាន់ផ្ទុះ យកទៅដំលេងស្រាប់តែផ្ទុះ បណ្តាលឱ្យស្លាប់ទាំង២នាក់ កាលពីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះទាំង២នាក់ ១ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និង២ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិ សំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ទៅលេងទឹកក្រោមស្ពាន ហើយប្រទះឃើញគ្រាប់ នាំគ្នាយកទៅដំលេង បណ្តាលឱ្យផ្ទុះ រងរបួស ហើយបានស្លាប់ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍។

ករណីខាងលើត្រូវបានសមត្ថកិច្ច អាជ្ញាធរ អង្គភាពស៉ីម៉ាក់ចុះទៅពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដំ ឬចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទដូចខាងក្រោម៖

012 800 473

011 38 39 37

097 489 5600

066 612 613

063 96 34 99

អត្ថបទ៖ តាតុងសែនជ័យ

Share.