កណ្តាល៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ សហការជាមួយកម្លាំងប្រជាការពារ បានបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៥កញ្ចប់ ទម្ងន់សរុប ៧២.៨៣ក្រាម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។


ជនសង្ស័យឈ្មោះ វុធ រ៉ាវីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោម និងរកឃើញមានផ្ទុកសារធាតុញៀន។

តាមការសាកសួរ ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងនោះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅរាជធានីភ្នំពេញ តាមរយៈបណ្តាញ Telegram ក្នុងតម្លៃ៥០០ដុល្លារ ហើយយកមករំលែកជាកញ្ចប់តូចៗ ដើម្បីលក់បន្តក្នុងតម្លៃចន្លោះពី១០ម៉ឺនរៀល ដល់៤០ម៉ឺនរៀល។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ÷កណ្តាល

Share.