ពោធិ៍សាត់៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងពោធិ៍សាត់បង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ៣ទីតាំងផ្សេងគ្នា ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

តាមនគរបាលបានឱ្យដឹងថា គោលដៅទី១ នៅភូមិស្ពានថ្ម សង្កាត់រលាប ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម ផារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ដកហូតបានថ្នាំញៀន១កញ្ចប់ (៣.៤១ក្រាម) និងទូរស័ព្ទ ១គ្រឿង។ តាមចម្លើយសារភាព ជននេះបានទិញថ្នាំញៀនពីឈ្មោះ តុ និងឈ្មោះ បញ្ញា។ គោលដៅទី២ នៅភូមិមាន់ចែ សង្កាត់ព្រៃញី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ទិត្យបញ្ញា ហៅញ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ដកហូតបានថ្នាំញៀន១កញ្ចប់, ទូរស័ព្ទ១គ្រឿង និងម៉ូតូ Scoopy ១គ្រឿង។ គោលដៅទី៣ នៅភូមិក្បាលហុង សង្កាត់បន្ទាយដី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ស័ក្កសេនា ហៅតុ ភេទប្រុស អាយុ៣៧ឆ្នាំ។ ក្នុងប្រតិបត្តិការខាងលើនេះ នគរបាលដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ធំ ដែលមានទម្ងន់សរុបដល់ទៅ ១,១៥៥.៦០ ក្រាម (ជាង ១គីឡូក្រាម) រួមជាមួយជញ្ជីងថ្លឹង និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់ រួមជាមួយថ្នាំញៀនសរុបទម្ងន់១,១៥គីឡូក្រាម ត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋានក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ទៅតុលាកាខេត្តចាត់ការតាមនីតិវិធី និងស្រាវជ្រាវស្វែងរកបក្ខពួកបន្តទៀត។

អត្ថបទ៖ តាតុងសែនជ័យ

Share.