ពោធិ៍សាត់៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតថ្នាំញៀនសរុបជាង១គីឡូក្រាម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។


ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

សមត្ថកិច្ចបានចុះបង្ក្រាបនៅ៣គោលដៅផ្សេងគ្នា ក្នុងនោះឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម ផារិទ្ធ អាយុ៤៦ឆ្នាំ, ឈ្មោះ បុទ្ធិ ទិត្យបញ្ញា ហៅ ញ្ញា អាយុ៣៩ឆ្នាំ និងឈ្មោះ បុទ្ធិ ស័ក្កសេនា ហៅ តុ អាយុ៣៧ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនសរុបប្រមាណ ១,១៥៥.៦០ក្រាម ព្រមទាំងទូរសព្ទដៃ៣គ្រឿង ម៉ូតូ១គ្រឿង ជញ្ជីងថ្លឹង និងឧបករណ៍ប្រើប្រាស់មួយចំនួន។


តាមការសាកសួរ ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះជារបស់ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ អែម កុសល់ ដែលកំពុងរត់គេចខ្លួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕

អត្ថបទ÷ចតុម្មុខ

Share.