បាត់ដំបង÷ អាជ្ញាធរស្រុកសង្កែ និងមន្ត្រីជំនាញខេត្តចុះពិនិត្យទីតាំងចាក់ដីលុបច្រាំងស្ទឹងសង្កែ រួចតម្រូវឲ្យម្ចាស់កាយចេញវិញដោយឥតល័ក្ខខ័ណ្ឌ។

ការចុះពិនិត្យរវាងអាជ្ញាធរស្រុក ឃុំ ជាមួយនឹងមន្ត្រីមន្ទីរធនធានទឹកខេត្តនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ត្រង់ចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានបញ្ជាក់ថា÷ ក្រោយចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងខាងលើនេះបានចាក់ដីរំលោភចូលចំណីស្ទឹងរហូតដល់ទៅ ១០ម៉ែត្រ ចំពោះមុខក្រុមការងារបានឯកភាពគ្នាតម្រូវឲ្យម្ចាស់ដីកាយចេញវិញ រួចហើយធ្វើជើងតេឲ្យដូចដើមវិញ។

ទីតាំងចំណីស្ទឹងសង្កែខាងលើនេះគឺម្ចាស់ចាក់បំពេញដើម្បីទុកចតឡានពេលមានរវល់ម្តងម្កាល ផ្ទុយពីគោលការណ៍របស់រដ្ឋបាលស្រុកដែលមិនអនុញ្ញាតអោយមានការសាងសង់សំណង់រឹងមាំ ឬចាក់ដីលុបរំលោភច្រាំងស្ទឹងឡើយ។

មន្ត្រីសាលាស្រុកខាងលើថែមទាំងបានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាចំណីស្ទឹង បឹង បួរនានានាំឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិទុកសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ សិក្សា និងរក្សាបន្តយូរតទៅទៀត៕

អត្ថបទ: ដំបងក្រញូង

Share.