ភ្នំពេញ ៖ ផ្ទះវីឡាកូនកាត់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ផ្តើមចេញពីសាកបញ្ចូលភ្លើងកង់អាគុយទុកចោល ផ្ទុះឆាបឆេះរាលដាល់ដល់ទ្រព្យសម្បត្តិក្នុងផ្ទះ ជាប់បុរសម្នាក់ នៅបន្ទប់ជាន់លើ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវីឡាលេខFZ25-26 ផ្លូវបេតុងលេខ៨ បុរីលនសុីធី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្ទះដែលឆេះជាវីឡាកូនកាត់ ទំហំ៨ម៉ែត្រx១៣ម៉ែត្រ ម្ចាស់ឈ្មោះ ខូវ គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រងខូចខាតអស់សម្ភារៈខាងក្នុង ស្លាប់ម្នាក់ឈ្មោះ ជា មួយសុង ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវជាឪពុក រងរបួសម្នាក់ ឈ្មោះ លី ចិន្តា ភេទស្រី អាយុ៦៣ឆ្នាំ ត្រូវជាម្តាយ ។

បើតាមពលរដ្ឋជិតខាងបានឱ្យដឹងថា ផ្ទះខាងលើ ប្រកបរបរលក់ដ្រូន សម្រាប់ប្រើវិស័យកសិកម្ម និងលក់កង់អាគុយ ហើយមុនកើតហេតុ ម្ចាស់ផ្ទះមិននៅទេ មានតែឪពុកម្តាយនៅចាំផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសម្លេងផ្ទុះអាគុយកង់ដែលកំពុងដាក់សាកភ្លើងនៅមុខផ្ទះ ចេញជាអណ្តាតភ្លើងឆាបឆេះរាលចូលដល់ក្នុងតែម្តង ចេញរួចតែម្តាយ នៅឪពុកជាប់គាំងក្នុងបន្ទប់ជាន់លើ ។

ហេតុការណ៍ខាងលើត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ ចេញទៅជួយអន្តរាគមន៍ បាញ់ទឹករហូតដល់វេលាម៉ោង១០និង១០នាទីយប់ថ្ងៃដដែល ទើបភ្លើងរលត់ កម្លាំងចូលពិនិត្យជាក់ស្តែង រកឃើញជនរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកជាន់លើ ។

ទោះជាយ៉ាងណាក្តី គ្រោះអគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវបន្ថែម ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅតំកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តជម្ពូវ័ន ៕

Share.