ភ្នំពេញ៖ ទណ្ឌិតចំនួន ៦០នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តការផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ និងពន្ធនាគារខេត្តព្រៃវែង ដើម្បីរំដោះភាពចង្អៀតណែននៅក្នុងមណ្ឌល។




ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតជាគោលការណ៍ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រៃវែង ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។




តាមផែនការបែងចែក ទណ្ឌិតចំនួន ៣០នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តក្រចេះ ខណៈ ៣០នាក់ផ្សេងទៀត ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តព្រៃវែង។ ការផ្ទេរនេះ ត្រូវបានអនុវត្តក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោក វរអគ្គានុរក្សថ្នាក់លេខ១ សោម បញ្ញា ប្រធានការិយាល័យសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងដំណើរការផ្ទេរ។
អត្ថបទ÷ចុតុម្មុខ

