ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំបន្ថែម ស្តីពីការចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៅតាមអង្គភាពក្រោមឱវាទ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

សេចក្ដីណែនាំនេះ បានលើកឡើងថា ការចូលរួមសន្សំសំចៃអគ្គិសនី គឺមានសារៈសំខាន់ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិផ្គត់ផ្គង់ថាមពល និងការកើនឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ក្នុងអំឡុងពេលមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

តាមវិធានការដែលក្រសួងបានណែនាំ រួមមាន ការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងការិយាល័យ សាលប្រជុំនានា និងបន្ទប់សិក្សា ត្រឹមឬលើសពី ២៥អង្សាសេ ការបិទភ្លើង ម៉ាស៊ីនត្រជាក់ និងដកឌុយឧបករណ៍អគ្គិសនីពេលមិនប្រើប្រាស់ ការកំណត់ពេលបើក-បិទភ្លើងតាមទីសាធារណៈ ឬតាមរបង ត្រូវកំណត់ពេលបិទ-បើកភ្លើងឱ្យបានត្រឹមត្រូវ ជៀសវាងការបំភ្លឺផ្លូវពេលមេឃមិនទាន់ងងឹត ការប្រើប្រាស់ពន្លឺព្រះអាទិត្យជំនួសភ្លើងអគ្គិសនី និងការបិទសេចក្ដីណែនាំនៅតាមទីតាំងប្រើប្រាស់ឧបករណ៍អគ្គិសនី។

ក្រសួងបានអំពាវនាវ ឱ្យមន្ត្រីរាជការទាំងអស់ យកចិត្តទុកដាក់អនុវត្តសេចក្ដីណែនាំនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល៕

Share.