ម្ចាស់បុរី ខុនដូ សណ្ឋាគារ និងអគារស្នាក់នៅរួមទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានដាស់តឿនឱ្យពង្រឹងការគ្រប់គ្រង និងរាយការណ៍ពីវត្តមានជនបរទេសឱ្យបានហ្មត់ចត់បំផុត បើមិនចង់ប្រឈមនឹងទោសទណ្ឌ និងការផាកពិន័យជាប្រាក់ក្នុងកម្រិតខ្ពស់។
ការព្រមាននេះបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្តីពី «អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន សុរិទ្ធី និង ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្ដម ហ៊ុន សុរិទ្ធី បានសង្កត់ធ្ងន់ថា រាល់ការស្នាក់នៅរបស់ជនបរទេស មិនថាជាអ្នកមកបម្រើការងារ ឬសាច់ញាតិមកលេងកម្សាន្តនោះទេ ត្រូវតែមានលិខិតស្នាមបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ និងត្រូវរាយការណ៍ជូនអាជ្ញាធរ។ ឯកឧត្ដមបានបញ្ជាក់យ៉ាងច្បាស់ថា៖ «បើមានការធ្វេសប្រហែស បង្កឱ្យមានបញ្ហា នឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យធ្ងន់ធ្ងរ ព្រោះដំណាក់កាលនេះមិនមែនជាការអប់រំណែនាំទៀតទេ គឺត្រូវប្រឈមមុខនឹងច្បាប់តែម្ដង»។
អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា វិធានការនេះមិនមែនជាការដាក់សម្ពាធ ឬគាបសង្កត់លើអាជីវកម្មរបស់ម្ចាស់ទីតាំងនោះឡើយ ប៉ុន្តែគឺជាការជួយការពារម្ចាស់ទីតាំង កុំឱ្យមានបទល្មើសលួចលាក់នៅក្នុងទីតាំងរបស់ខ្លួន ដែលអាចនាំទុក្ខទោសដល់ម្ចាស់អគារដោយមិនដឹងខ្លួន។

កម្រិតនៃទោសទណ្ឌ និងការផាកពិន័យ
យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ម្ចាស់ទីតាំងត្រូវប្រឈមនឹង៖
- ករណីធ្វេសប្រហែស (មាត្រា១៩)៖ ម្ចាស់ទីតាំងដែលខកខានមិនបានរាយការណ៍អំពីការស្នាក់នៅរបស់ជនបរទេស នឹងត្រូវផាកពិន័យចំនួន ៤លានរៀល (ដោយមិនទាន់គិតពីសំណងព្យសនកម្មផ្សេងៗ)។
- ករណីមានចេតនាលាក់បាំង (មាត្រា២០)៖ ម្ចាស់ទីតាំងដែលលាក់បាំង ឬអនុញ្ញាតឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ នឹងត្រូវផាកពិន័យ ៤លានរៀល ក្នុងជនបរទេសម្នាក់ និងត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌបន្ថែមទៀត។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ទីតាំងស្នាក់នៅទាំងអស់នឹងចូលរួមសហការអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាសុខសុវត្ថិភាពសង្គម និងបញ្ចៀសការរងទណ្ឌកម្មតាមផ្លូវច្បាប់ផ្សេងៗ៕


អត្ថបទ៖ត្រយង
