បន្ទាប់ពីបានបែកបាក់ជាបំណែកតូចធំជាង ១០,០០០ ដុំ អស់រយៈពេលរាប់ទសវត្សរ៍ដោយសារសង្គ្រាម និងការលួចប្លន់ ពេលនេះប្រតិមា «ព្រះសិវៈរាំ» ដែលជាស្នាដៃឯកដ៏វិសេសវិសាលនៃសម័យកាលកោះកេរ្តិ៍ បានបង្ហាញរូបរាងពេញលេញឡើងវិញហើយ ក្រោមស្នាដៃជួសជុលយ៉ាងហ្មត់ចត់ពីក្រុមអ្នកជំនាញចម្រុះជាតិសាសន៍។

ប្រភពពីក្រសួងវប្បធម៌បានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦  ពិធីអបអរសាទរការបញ្ចប់ការជួសជុលជាស្ថាពរត្រូវបានរៀបចំឡើងនៅអភិរក្សដ្ឋានអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លក្ខណៈពិសេសនៃបដិមាប្រវត្តិសាស្ត្រ

បដិមាព្រះសិវៈរាំនេះ មានប្រភពដើមមកពីប្រាសាទក្រហម ក្នុងតំបន់បេតិកភណ្ឌពិភពលោកកោះកេរ្តិ៍ នាសតវត្សទី១០ នៃគ្រិស្តសករាជ។ លក្ខណៈដ៏អស្ចារ្យនៃបដិមានេះរួមមាន៖

  • កម្ពស់៖ ៥ ម៉ែត្រ (ជាបដិមាធំជាងគេបំផុតនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍)។
  • ទម្រង់សិល្បៈ៖ មានព្រះសិរ ២ជាន់, ព្រះភក្ត្រ ៥ និងព្រះហស្ថរហូតដល់ ១០។

ដំណើរការស្រោចស្រង់ព្រលឹងដូនតា

ការរស់ឡើងវិញនៃបដិមាដ៏ធំសម្បើមនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង៖

  • អាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា (EFEO)។
  • អភិរក្សដ្ឋានអង្គរ និងអាជ្ញាធរជាតិអប្សរា។
  • ការគាំទ្រផ្នែកហិរញ្ញវត្ថុពីសម្ព័ន្ធភាពការពារបេតិកភណ្ឌក្នុងតំបន់ជម្លោះ (ALIPH)។

ក្រុមអ្នកជំនាញបានចំណាយពេលជាង ៥ឆ្នាំ ក្នុងការធ្វើការងារយ៉ាងអត់ធ្មត់ ដើម្បីផ្គុំបំណែកដែលខ្ទាតខ្ចាយ និងបែកបាក់ឱ្យត្រូវតាមទម្រង់ដើមវិញ ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអភិរក្សយ៉ាងខ្ជាប់ខ្ជួនបំផុត។

ការតភ្ជាប់អតីតកាលដ៏រុងរឿង មកកាន់សម័យបច្ចុប្បន្ន

លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងដោយក្ដីរំភើបថា ការជួសជុលនេះមិនត្រឹមតែជាការបង្ហាញរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវព្រលឹង ជំនឿ និងការតភ្ជាប់អតីតកាលដ៏រុងរឿងរបស់ខ្មែរមកកាន់សម័យបច្ចុប្បន្ន។

លោកជំទាវបានមានប្រសាសន៍បន្ថែមថា៖ «រូបបដិមានេះនឹងត្រូវវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញ ដើម្បីទុកជាទីសក្ការៈតាមជំនឿដូនតា និងជាមេដែកទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅតំបន់នោះកាន់តែច្រើនឡើង»

បច្ចុប្បន្ន បដិមាព្រះសិវៈរាំ កំពុងត្រូវបានតម្កល់ទុកបណ្ដោះអាសន្ននៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីឱ្យសាធារណជនបានទស្សនា និងសិក្សាស្វែងយល់ មុននឹងត្រូវដង្ហែទៅកាន់ទឹកដីកំណើតវិញនាពេលខាងមុខ៕

Share.