កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងការការពារតាមបណ្តាក្រុមហ៊ុន និងកាស៊ីណូដែលបានបិទសៀល ពាក់ព័ន្ធនឹងករណីបទល្មើស Scam Online ដោយហាមឃាត់មិនឱ្យអ្នកគ្មានភារកិច្ចចូល និងត្រូវថែរក្សាវត្ថុតាងឱ្យបានល្អ សម្រាប់ដំណើរការតាមនីតិវិធីច្បាប់។


ការណែនាំនេះធ្វើឡើង ខណៈឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងកងកម្លាំងពាក់ព័ន្ធ ចុះពិនិត្យទីតាំងក្រុមហ៊ុន និងកាស៊ីណូចំនួន ១១កន្លែង នៅក្រុងសំពៅពូន ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ឬទីតាំងស្នាក់នៅឱ្យជនបរទេស ត្រូវពិនិត្យឯកសារ និងធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងពាក់ព័ន្ធបទល្មើស។ ជាពិសេស ប្រសិនបើសង្កេតឃើញសកម្មភាពសង្ស័យ ដូចជាការប្រើប្រាស់អ៊ីនធឺណិតទំហំធំ ឬស្នាក់នៅជាក្រុម គួរជូនដំណឹងទៅសមត្ថកិច្ចភ្លាមៗ។



សូមជម្រាបថា បទល្មើស Scam Online កំពុងរីករាលដាល និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងកេរ្តិ៍ឈ្មោះប្រទេសនៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសប្រភេទនេះ ដោយមិនលើកលែងឡើយ។
អត្ថបទ៖កណ្តាល

