ទីក្រុងទេសចរណ៍ប៉ាតាយ៉ា ដែលធ្លាប់តែជាមុខមាត់ និងជាមោទនភាព ដែលរដ្ឋាភិបាលថៃ តែងតែផ្សព្វផ្សាយថាជា ទីក្រុងនៃឋានសួគ៌ទេសចរណ៍ វាគ្រាន់តែអតីតកាលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ប៉ាតាយ៉ាបានប្រែក្លាយជាទីកន្លែងដ៏គ្រោះថ្នាក់ និងជាឋាននរកសម្រាប់ជនបរទេសទៅវិញ បន្ទាប់ពីមានករណីហិង្សាជាប់ៗគ្នាមកលើភ្ញៀវទេសចរជនជាតិស៊ុយអែត និងជប៉ុន ក្នុងរយៈពេលគម្លាតត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។
កើតមានហេតុការណ៍អាក្រក់ៗទាំងនេះ បានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរថា៖ តើរដ្ឋាភិបាលថៃពិតជាមានសមត្ថភាពគ្រប់គ្រាន់ជួយការពារសុវត្ថិភាពភ្ញៀវទេសចរបរទេសពីក្រញ៉ាំដៃបិសាចរបស់ក្រុមជនជាតិថៃខូចៗដែរឬទេ?


យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក The Thaiger នាថ្ងៃទី២២ ខែមីនា នេះ បុរសជនជាតិស៊ុយអែត អាយុ ៥៩ឆ្នាំម្នាក់ឈ្មោះ Magnus ត្រូវបានបុរសកែភេទជាស្រ្តីម្នាក់ វាយប្រហារយ៉ាងចាស់ដៃនៅតំបន់ Jomtien។
យោងតាមសក្ខីកម្ម បានឱ្យដឹងថា ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីបុរសរងគ្រោះ បានបដិសេធមិនព្រមទៅតាមការបបួលរបស់ស្ត្រីកែភេទរូបនោះ។ ជនបង្កបានលបវាយក្បាលជនរងគ្រោះពីក្រោយរហូតដល់ធ្លាក់ពីលើម៉ូតូ ហើយថែមទាំងបន្តធាក់ជនរងគ្រោះជាច្រើនដង រហូតដល់ជនរងគ្រោះបង្ខំចិត្តរត់ចោលម៉ូតូ គេចខ្លួនទាំងត្រដាបត្រដួសដើម្បីរក្សាអាយុជីវិត។


រឿងរ៉ាវបុរសរងគ្រោះ ដោយសារតែបដិសេធនាងៗស្ត្រីកែភេទ ប្រកបរបររកស៊ីផ្លូវភេទនេះ តែងតែកើតមានជាញឹកញយ ប៉ុន្តែមិនឃើញមានចំណាត់ការច្បាប់ យុត្តិធម៌ណាមួយ ចាត់វិធានការធ្ងន់ធ្ងរលើអ្នកបង្កដើម្បីការពារសិទ្ធិជនរងគ្រោះបរទេសនោះឡើយ។
រឿងរ៉ាវខាងលើមិនទាន់ស្ងប់ស្រួលបួលផង ស្រាប់តែ ២៤ម៉ោងក្រោយមក សារព័ត៌មាន The Nation បានចេញផ្សាយពីករណីមួយផ្សេងទៀតនោះគឺករណី ភ្ញៀវទេសចរជនជាតិជប៉ុន អាយុ ២៥ឆ្នាំ ម្នាក់ឈ្មោះ Kanasashi ត្រូវបានក្រុមអ្នកដឹកជញ្ជូនមួយក្រុមដែលមានសមាជិកពី ៥ ទៅ ៦នាក់ ដេញតាមបុក និងព្រួតគ្នាវាយដំយ៉ាងព្រៃផ្សៃ។
ជាមួយគ្នានោះ ក្រុមជនបង្កដែលទំនងជាជើងកាងតំបន់ ថែមទាំងបានស្រែកឌឺដងដាក់ជនរងគ្រោះថា «តើឯងស្មានថាឯងខ្លាំងមែនទេ?» មុនពេលជនរងគ្រោះរត់ចូលទៅជ្រកកោនក្នុងសណ្ឋាគារមួយទាំងស្ថានភាពហើមមុខមាត់ និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ដោយមានទាំងឈាមដាបជោគខ្លួនផងដែរ។


បច្ចុប្បន្ន ជនរងគ្រោះទាំង២រូប កំពុងស្ថិតក្រោមការតាមដាននៅមន្ទីរពេទ្យ ដើម្បីព្យាបាល ខណៈដែលមហាជនកំពុងរង់ចាំមើលថា តើអាជ្ញាធរប៉ាតាយ៉ា ឬអាជ្ញាធរថៃ នឹងអាចវែកមុខរកជនបង្កមកទទួលទោសតាមច្បាប់ ឬក៏គ្រាន់តែធ្វើការស៊ើបអង្កេតបង្គ្រប់កិច្ច ដើម្បីបំបិទព័ត៌មានដ៏អាម៉ាស់ទាំងនេះ ដូចដែលធ្លាប់ធ្វើកន្លងៗមក? ហេតុការណ៍ ដ៏អាម៉ាស់ទាំងនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពកម្សោយ និងបរាជ័យនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខជាតិ របស់ប្រទេសថៃ ជាពិសេសគឺសង្គមថៃទាំងមូលតែម្ដង។
អាជ្ញាធរថៃ តែងតែអួតអាងពីវិធានការការពារភ្ញៀវទេសចរ ប៉ុន្តែជាក់ស្តែង ក្រុមបងធំតាមដងផ្លូវ និងជើងកាងអាណាធិបតេយ្យនៅតែបន្តធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្ត ដោយគ្មានខ្លាចរអែងសមត្ថកិច្ចបន្តិចទាល់តែសោះ។
យ៉ាងណាម៉ិញ ភាពស្អុយគគ្រុកដែលលាក់បាំងក្រោយរូបភាពទេសចរណ៍ដ៏ស្រស់ត្រកាលដូចជា បញ្ហាគ្រឿងញៀន ហិង្សា ឃាតកម្ម ល្បែងបោកបញ្ឆោត និងការជួញដូរមនុស្ស កំពុងតែរុញច្រានទំនុកចិត្តអន្តរជាតិឱ្យធ្លាក់ដល់បាត។
ត្បិតថារដ្ឋាភិបាលថៃពូកែធ្វើ PR ផ្សព្វផ្សាយទាក់ចិត្តទេសចរណ៍មែន តែប្រសិនបើថនៅតែបន្តធ្វើការស៊ើបអង្កេតបែបបង្គ្រប់កិច្ច ឬព្យាយាមបំបិទព័ត៌មានដើម្បីរក្សាមុខមាត់ នោះទីក្រុងប៉ាតាយ៉ានឹងលែងជាគោលដៅទេសចរណ៍ដ៏សុខសាន្តនិងមនោរម្យ ប៉ុន្តែវាគឺជា «តំបន់គ្រោះថ្នាក់» ដែលភ្ញៀវទេសចរគ្រប់រូបត្រូវរត់គេចឱ្យឆ្ងាយ ហើយមិនយូរមិនឆាប់ទេនៅអនាគតដ៏ខ្លី ថៃ នឹងលែងទទួលបានទំនុកចិត្តពីភ្ញៀវទេសចរណ៍បរទេសដូចគ្រាកន្លងទៀតហើយ៕
ប្រភព៖ The Thaiger & The Nation

