ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ស្នងការរដ្ឋាននគរបាលក្រុងភ្នំពេញ បង្ក្រាបសំបុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅសណ្ឋាគារជីនបៀនមេឌូ ឃាត់ខ្លួនមនុស្សចំនួន៤៩នាក់ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការខាងលើក្រោមការដឹកនាំបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន៤៩នាក់ ៖ នៅជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន៧នាក់ ក្នុងនោះជនជាតិចិន៦នាក់ និងស្ត្រីវៀតណាម១នាក់ ។ នៅជាន់ទី២ និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះមានជនជាតិចិន២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និងជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams មាន១៦នាក់ ក្នុងនោះជនជាតិចិន១២នាក់ ម៉ាឡេស៊ី២នាក់ ស្ត្រីមីយ៉ាន់ម៉ា១នាក់ និងស្ត្រីខ្មែរចំនួន១នាក់ ។

ក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកិច្ចដកហូតបាន កុំព្យូទ័រ All In One ៦០គ្រឿង, CPU ៣១គ្រឿង និង Laptop ១គ្រឿង, ទូរស័ព្ទដៃ៦៨៧គ្រឿង និងស៊ីមកាតម៉ាឡេស៊ី ចំនួន៤៦ស៊ីម ។

ជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើនេះ នាំយកទៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី និងស្រាវជ្រាវ មុខសញ្ញាពាក់ព័ន្ធបន្តទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.