បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ ២០២៦នេះ ផ្តោតសំខាន់លើកស្ទួយវប្បធម៌ជាតិ ថែរក្សាប្រពៃណីខ្មែរ និងការផ្សារភ្ជាប់នូវការដឹងគុណវីរៈកងទ័ព ពិសេសវីរ:យុទ្ធជនដែលបានពលីក្នុងសមរភូមិ។

ក្នុងការចុះពិនិត្យមើល និងផ្តល់កម្លាំងចិត្តដល់ក្រុមការងារអ្នកបច្ចេកទេសដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងកាលពីថ្មីៗនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា÷ ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ ២០២៦នេះបានរៀបចំបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានភ្លក្សឱ្យបានដឹងពីរសជាតិដើមដ៏ឆ្ងាញ់ពិសារជាម្ហូបអាហារអ្នកបាត់ដំបងផ្ទាល់តែម្តង។

តាមការគ្រោងទុកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះដែរក៏បានរៀបចំធ្វើឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក្នុងនោះបានបែងចែកផ្នែកជាច្រើនរួមមាន តំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ តំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុកជាច្រើន រូបសំណាកព្រាបសន្តិភាពបង្ហាញពីជំហរប្រជាពលរដ្ឋចង់បានសុខសន្តិភាពជាចាំបាច់ រូបសំណាកសេះមាស កន្លែងសម្រាប់ពលរដ្ឋដែលចូលមកលេងបានចូលទទួលទានអាហារ តំបន់ភូមិអាហារខ្មែរបង្ហាញពីរបៀបធ្វើម្ហូបអាហារ បង្អែមខ្មែរ តំបន់ផ្សារខ្មែរ ស្តង់ពិព័រណ៍ទំនិញ ផលិតផលខ្មែរទូទៅ ភូមិល្បែងប្រជាប្រិយ តំបន់សួនសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនផុសផុល។

ឯកឧត្តម សុខ លូ បានបន្ថែមថា÷ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងដែលប្រព្រឹត្តឡើងនេះមានរយ:ពេល ៣ថ្ងៃ ស្របគ្នាជាមួយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ដែលផ្តោតជាសំខាន់លើកស្ទួយ ថែរក្សាប្រពៃណី វប្បធម៌ខ្មែរ ពិសេសរំលេចការផ្សារភ្ជាប់អំពីការដឹងគុណវីរៈកងទ័ព ជាពិសេសវីរ:កងទ័ពដែលពលីក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី៕


អត្ថបទ: ដំបងក្រញូង

