នៅថ្ងៃច័ន្ទទី ២៣ ខែមីនា ឆ្នាំ ២០២៦នេះ សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនក្រោមប្រធានបទ “ការពង្រឹងផលិតកម្មសត្វក្នុងស្រុកដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយមានការចូលរួបជាអធិបតីពីឯកឧត្ដម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម រុក្ខាប្រម៉ាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃព្រឹទ្ធសភា, តំណាងក្រសួងកសិកម្ម, ក្រុមប្រឹក្សាសមាគម, ក្រុមហ៊ុនឯកជនដែលវិនិយោគលើវិស័យកសិកម្ម និងកសិករមកពីបណ្ដាខេត្តនានា ព្រមទាំងនិស្សិតកសិកម្ម ដែលជាអ្នកស្នងជំនាន់ក្រោយផងដែរ។

ក្នុងមតិស្វាគមន៍នាឱកាសនោះ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃវិស័យចិញ្ចឹមសត្វ ដែលបច្ចុប្បន្នផលិតកម្មជ្រូករស់អាចធានាការផ្គត់ផ្គង់បានគ្រប់គ្រាន់ ទៀងទាត់ និងឈានដល់ការនាំចេញទៅប្រទេសជិតខាង ។ លោកបានបន្តថា ផលិតកម្មបក្សី និងស៊ុតក៏អាចឆ្លើយតបតាមតម្រូវការទីផ្សារទាំងស្រុង ខណៈដែលការចិញ្ចឹមសត្វគោ ក្របី ពពែ និងចៀម កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ។
ប្រធានសមាគមបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារ និងណែនាំបច្ចេកវិទ្យាចុងក្រោយដើម្បី «កសាងអនាគតផលិតកម្មសត្វនៅកម្ពុជា» ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព ស្របពេលដែលមហាជនកំពុងមានចលនាគាំទ្រផលិតផលក្នុងស្រុកយ៉ាងខ្លាំងក្លា ។

ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ម៉ុង ឫទ្ធី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងធានាសន្តិសុខស្បៀង ។ ឯកឧត្តមបានលើកឡើងថា ទោះបីជាវិស័យនេះកំពុងរីកចម្រើន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ រួមមានការនាំចូលសាច់មិនមានគុណភាព បញ្ហាជំងឺសត្វ ជីវសុវត្ថិភាព និងការប្រកួតប្រជែងទីផ្សារមិនស្មើភាព ។ ក្នុងបរិបទដែលពិភពលោកកំពុងជួបវិបត្តិប្រែប្រួលអាកាសធាតុ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យអ្នកចិញ្ចឹមសត្វ និងវិស័យឯកជនទាំងអស់ បន្តអភិវឌ្ឍខ្លួនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ពង្រឹងការគ្រប់គ្រងសុខភាពសត្វ និងធានាសុវត្ថិភាពចំណីអាហារឱ្យបានដាច់ខាត ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ឱ្យបន្តកិច្ចសហការជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងការកែលម្អគោលនយោបាយ និងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យវិស័យបសុសត្វកម្ពុជាមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ។ កិច្ចប្រជុំកំពូលនេះ មិនត្រឹមតែជាវេទិកាចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែជាការកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


