ភ្នំពេញ៖ ផ្ទះមួយកន្លែងខណៈដែលម្ចាស់កំពុងដាក់ដាំបាយ ស្រាប់តែធ្លាយធុងហ្គាស បណ្តាលឱ្យឆាបឆេះឡើង ផ្អើលអ្នកជិតខាង និងប្រជាការពារ ចូលទៅចាប់លើកធុងហ្គាសចេញក្រៅ កាលពីវេលាម៉ោង៩និង០៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលម្ចាស់ផ្ទះកំពុងដាក់ដាំបាយ ស្រាប់តែធ្លាយធុងហ្គាស (ធុងសភាពចាស់) បណ្តាលឱ្យឆាបឆេះចង្ក្រាន ភ្លាមៗផ្អើលអ្នកជិតខាង និងប្រជាការពារនៅក្បែរនោះ ជួយចូលទៅខ្ទប់ចាប់លើកធុងហ្គាសយកចេញក្រៅដោយសុវត្តិភាព។

ករណីខាងលើបណ្តាលឱ្យខូចខាតតែចង្ក្រាន និងឆ្នាំងតែប៉ុណ្ណោះ មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្សេងឡើយ។

បន្ទាប់ពីកើតមានករណីខាងលើ អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ហ្គាស ធុង កំប៉ុសហ្គាស មានសភាពចាស់ៗ ឱ្យប្រុងប្រយ័ត្នខ្លាចធ្លុះធ្លាយ អាចបង្កគ្រោះអគ្គិភ័យដោយប្រការណាមួយ។

អត្ថបទ៖ តាតុងសែនជ័យ

Share.