ស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់របត់ដ៏គ្រោះថ្នាក់បំផុតមួយបន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារដោយកាំជ្រួចផ្លោងចំគោលដៅយុទ្ធសាស្ត្រសំខាន់ៗក្នុងទីប្រជុំជនArad និង Dimonaដែលស្ថិតនៅក្បែរមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរដ៏មានសារៈសំខាន់បំផុតរបស់អ៊ីស្រាអែល។

ទីក្រុងតេហេរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពសងសឹកនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរNatanz ក្នុងខេត្ត Isfahan កាលពីពេលថ្មីៗកន្លងទៅនេះ។

យោងតាមការចេញផ្សាយដោយAl Jazeera កាលពីថ្ងៃសៅរ៍ទី២២ ខែមីនា ស្ដីពីព្រឹត្តិការណ៍វាយប្រហាររបស់អ៊ីរ៉ង់ ដែលបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយក្នុងនោះមានមនុស្សយ៉ាងហោចណាស់ ១៨០ នាក់បានរងរបួសខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានបង្ខំចិត្តជម្លៀសចេញពីតំបន់គ្រោះថ្នាក់ជាបន្ទាន់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ដោយត្រង់ថានេះគឺជា «ល្ងាចដ៏លំបាកបំផុត» សម្រាប់អនាគតប្រទេសជាតិខណៈដែលតួលេខអ្នករងរបួសសរុបក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានកើនឡើងរហូតដល់ ៤,៥៦៤ នាក់ហើយ។

តាមរយៈការវាយប្រហារដ៏ជាក់លាក់នេះក្រុមអ្នកវិភាគការពារជាតិបានលើកឡើងនូវសំណួរដ៏ចាក់ដោតថាតើអ៊ីស្រាអែលបានមើលស្រាលសមត្ថភាពយោធារបស់អ៊ីរ៉ង់ឬយ៉ាងណា? ទោះបីជាអ៊ីរ៉ង់ខ្វះខាតកម្លាំងទ័ពអាកាសទំនើបក៏ដោយប៉ុន្តែពួកគេបានចំណាយពេលរាប់ទសវត្សរ៍ដើម្បីពង្រឹង «កម្មវិធីមីស៊ីលដ៏ធំបំផុតនៅមជ្ឈិមបូព៌ា»។

កម្មវិធីនេះរួមមានមីស៊ីលរយៈចម្ងាយខ្លីដូចជាប្រភេទFateh, Zolfaghar, Qiam-1 និង Shahab-1/2 ដែលអាចវាយប្រហារបានយ៉ាងរហ័សនិងពិបាកក្នុងការស្ទាក់ចាប់ រួមជាមួយមីស៊ីលរយៈចម្ងាយមធ្យម និងឆ្ងាយប្រភេទ Shahab-3,Emad, Ghadr-1 និងបច្ចេកវិទ្យាចុងក្រោយដូចជា Kheibar Shekanនិង Haj Qassem ដែលមានសមត្ថភាពបាញ់ដល់គោលដៅយុទ្ធសាស្ត្រទូទាំងតំបន់។

បច្ចុប្បន្នសង្គ្រាមរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានចូលដល់ដំណាក់កាលថ្មីមួយដែលប្រែប្រួលពីការប្រយុទ្ធគ្នាតាមរយៈក្រុមប្រដាប់អាវុធតូចៗមកជាការវាយប្រហារផ្ទាល់លើទឹកដី និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។

ខណៈដែលយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និង West Bank កំពុងរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិជុំវិញបញ្ហាសិទ្ធិមនុស្សការវាយបកពីសំណាក់អ៊ីរ៉ង់នាពេលនេះបានធ្វើឱ្យសាធារណជនអ៊ីស្រាអែលចាប់ផ្តើមរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដែលជាបទពិសោធន៍ដ៏កម្របំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕

ប្រភព៖ Al jazeera

Share.