ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានជម្លៀសប្រជាពលរដ្ឋប្រមាណជិត ៥៣០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព ក្នុងរយៈពេលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

តាមរបាយការណ៍ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តត្បូងឃ្មុំ បានប៉ះពាល់ដល់ស្រុកចំនួន២ គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដែលស្ថិតក្នុងឃុំចំនួន៧ ក្នុងនោះប្រជាពលរដ្ឋរងផលប៉ះពាល់សរុបប្រមាណ ៥៩៦គ្រួសារ ក្នុងនោះ ៥២៦គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈដំណាំកសិកម្មមួយចំនួនក៏បានរងផលប៉ះពាល់ផងដែរ។

លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជ្ញាធរបានរៀបចំទីទួលសុវត្ថិភាពចំនួន៥កន្លែង សម្រាប់ទទួលប្រជាពលរដ្ឋដែលត្រូវជម្លៀស រួមមាន ទួលឧកញ៉ា អាន ម៉ាឌី, ទួលឧកញ៉ា វ័ន ប៊ុនថៃ, ទួលបេង, ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់។

ជាមួយគ្នានេះ សត្វពាហនៈសរុបចំនួន ៧០២ក្បាល ក៏ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពផងដែរ។លោកអភិបាលស្រុកបានបន្តថា អាជ្ញាធរបានយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ដោយផ្តោតលើការធានាឱ្យមានទឹកស្អាត អនាម័យ បង្គន់អនាម័យ ភ្លើងបំភ្លឺ និងតម្រូវការចាំបាច់ផ្សេងៗទៀត។ការជម្លៀសប្រជាពលរដ្ឋ មិនមែនគ្រាន់តែផ្លាស់ទីពួកគាត់ចេញពីតំបន់ប្រឈមនឹងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអាជ្ញាធរក៏ផ្តោតសំខាន់លើការធានាសុវត្ថិភាព សុខុមាលភាព និងលក្ខខណ្ឌរស់នៅសមរម្យនៅតាមទីតាំងសុវត្ថិភាពផងដែរ។

បច្ចុប្បន្ន រដ្ឋបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងសហការជាមួយរដ្ឋបាលឃុំ ដើម្បីរៀបចំស៊ីទែនទឹក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ និងអំពូលសូឡា នៅតាមទីទួលសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានជម្លៀស។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងត្រូវស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។

ប្រជាពលរដ្ឋត្រូវតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។ជាពិសេស អាជ្ញាធរបានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដោយមិនត្រូវអនុញ្ញាតឱ្យកុមារចុះលេង ឬចូលទៅកាន់តំបន់ដែលមានទឹកជំនន់ដោយគ្មានការមើលថែឡើយ។ កុមារគួរស្ថិតក្រោមការត្រួតពិនិត្យ និងការមើលថែរបស់មនុស្សធំជានិច្ច។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ ការប្រើប្រាស់ទឹកស្អាត និងការទទួលទានអាហារដែលមានសុវត្ថិភាព ដើម្បីថែរក្សាសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់៕

អត្ថបទ÷អាចារ្យលាក់

Share.