តំណាងគណៈសាសនាធំៗទាំង៣ នៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រិស្តសាសនា បានប្រកាសប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស នាឱកាសប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី១០ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។

តំណាងគណៈសាសនាធំៗទាំង៣ នៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រិស្តសាសនា បានប្រកាសប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស នាឱកាសប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី១០ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ។

ការប្រកាសប្តេជ្ញាចិត្តនេះ បានធ្វើឡើងដោយឈរលើទស្សនៈគោលស្របគ្នានៃសាសនាទាំង៣ ដែលយល់ឃើញថា ការកេងប្រវ័ញ្ច និងការលក់ដូរជីវិតមនុស្ស គឺជាអំពើបាបកម្មដ៏ធ្ងន់ធ្ងរដែលមនុស្សម្នាលើសកលលោកស្អប់ខ្ពើម ហើយឧក្រិដ្ឋជនមុខជានឹងត្រូវទទួលរងផលកម្ម ឬទណ្ឌកម្មរបស់ព្រះជាម្ចាស់ នៅក្នុងជាតិនេះ ឬជាតិខាងមុខជាមិនខាន។ ផ្អែកលើជំនឿសាសនានេះ តំណាងសាសនាទាំង៣ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរៀងៗខ្លួន ក្នុងការចូលរួមយ៉ាងសកម្មដើម្បីផ្សព្វផ្សាយពីផលវិបាកដ៏សែនខ្លោចផ្សា និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសង្គម។

ព្រះនិស្ស័យសត្ថា សៀ ភារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស

ព្រះនិស្ស័យសត្ថា សៀ ភារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស មានថេរដីកាថា «ព្រះសង្ឃបានចូលរួមយ៉ាងសកម្មក្នុងការអប់រំពុទ្ធបរិស័ទ តាមរយៈការសម្តែងធម៌ទេសនានានា ជាពិសេសនៅថ្ងៃសីល ដោយបានទូន្មានឱ្យកាន់សីល៥ ឬសីល៨។ ចំពោះបញ្ហាជួញដូរមនុស្ស គឺស្ថិតនៅក្នុងការប្រព្រឹត្តខុសសីល៥នេះតែម្តង។ ក្នុងឱកាសទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនេះ អាត្មាភាពសូមអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ឱ្យជៀសឱ្យឆ្ងាយពីអំពើអបាយមុខ ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់រដ្ឋ។»

លោក យ៉ាំ កើ ពលរដ្ឋខ្មែរ-ឥស្លាម ខេត្តកំពង់ឆ្នាំង​ (នៅខាងស្ដាំ)

ចំណែក លោក យ៉ាំ កើ ពលរដ្ឋខ្មែរ-ឥស្លាម ខេត្តកំពង់ឆ្នាំង​ បានលើកឡើងពីទោសទាន់នៅក្នុងសាសនាឥស្លាមថា «នៅក្នុងទស្សនៈសាសនា ការប្រព្រឹត្តអំពើទុច្ចរិតបែបនេះគឺជាអំពើបាបកម្មយ៉ាងធ្ងន់ធ្ងរ។ បើផ្អែកតាមផ្លូវសាសនា អ្នកដែលប្រព្រឹត្តបទល្មើសនេះនឹងត្រូវទទួលទោសទណ្ឌ ឬចុះនរក ដោយមិនអាចជៀសផុតឡើយ។»

ដោយឡែកទស្សនៈគ្រិស្តសានាវិញ លោកបូជាចារ្យ សែ សាត បូជាចារ្យគ្រិស្តសាសនាកាតូលិកលើកឡើងថា «សម្រាប់ព្រះសហគមន៍កាតូលិក ការជួញដូរមនុស្សគ្រប់ទម្រង់ត្រូវបានចាត់ទុកជាអំពើបាប ព្រោះវាផ្ទុយពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះអង្គបានបង្កើតមនុស្សឱ្យមានរូបតំណាងដូចទ្រង់ និងមានតម្លៃស្មើៗគ្នា។ ដូច្នេះ រាល់សកម្មភាពទាំងឡាយណាដែលមិនគោរព ឬរំលោភបំពានលើតម្លៃធនធានមនុស្ស ត្រូវចាត់ទុកជាអំពើបាបទាំងអស់។»

លោកបូជាចារ្យ សែ សាត (កណ្ដាល) និងលោកគ្រូ ប៉ា សុខា (ខាងឆ្វេង)

ជាមួយគ្នានេះ លោកគ្រូ ប៉ា សុខា ប្រធានក្រុមប្រឹក្សាប្រិយសម្ពន្ធគ្រិស្តបរិស័ទកម្ពុជាប្រាប់ថា «នៅតាមព្រះវិហារ ពួកយើងតែងតែចូលរួមអធិស្ឋានបួងសួងសុំឱ្យព្រះជាម្ចាស់តាមថែរក្សា និងការពារមនុស្សលោក ព្រមទាំងបានផ្សព្វផ្សាយណែនាំដល់បរិស័ទទាំងអស់ឱ្យចេះស្រឡាញ់រាប់អានគ្នាទៅវិញទៅមក។ ប្រសិនបើប្រទះឃើញករណីបទល្មើសជាក់ស្តែង ពួកយើងនឹងមិននៅស្ងៀមឡើយ គឺនឹងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។»

ជាមួយគ្នានេះ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានសម្តែងក្តីបារម្ភថា ការវិវត្តនៃសង្គមមនុស្សពីមួយរបត់ទៅមួយរបត់ បានធ្វើឱ្យមនុស្សមួយចំនួនលែងស្គាល់បាបបុណ្យ គុណទោស ដោយសម្លឹងឃើញតែប្រយោជន៍ចំពោះមុខ រហូតហ៊ានប្រព្រឹត្តឧក្រិដ្ឋកម្មរំលោភបំពានលើជីវិតមនុស្សដូចគ្នា។ លោកជំទាវបានព្រមានថា ឧក្រិដ្ឋកម្មជួញដូរមនុស្សដែលជាជំងឺកាចសាហាវលើសកលលោកនេះ ពុំទាន់មាននិន្នាការថមថយឡើយ។

ក្នុងឱកាសដ៏ពិសេសនេះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សាសនាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សឱ្យមានចិត្តមេត្តា ករុណាចំពោះគ្នាទៅវិញទៅមក និងខ្លាចរអាអំពើបាប។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា៖ «ទិវាជាតិអន្តរសាសនា ២០ សីហា ឆ្នាំ២០២៦ នេះ ជានិមិត្តរូបនៃការបង្ហាញពីសុច្ឆន្ទៈរួមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រមទាំងការជឿជាក់លើព្រះធម៌ដែលបានទូន្មានប្រដៅមនុស្សគ្រប់រូបឱ្យចេះរស់នៅជាមួយគ្នាដោយសុខសាន្ត ធ្វើអំពើល្អ មិនឈ្នានីសគ្នា និងជាពិសេសគឺការផ្តល់នូវមេត្តាករុណា និងការជួយយកអាសាគ្នានៅក្នុងគ្រាលំបាក៕»

Share.