សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងជាអតីតសិស្សជំនាន់ទី២ នៃមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលនេះ ដោយបានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពចំពោះការចូលរួមចំណែករបស់មជ្ឈមណ្ឌលក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ឯកឧត្តម ATSUSHI YONNESZAWA ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោក លី ប៊ុនណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោក គង់ សឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោក YAMAMOTO SOTA ស្ថាបនិកបន្តវេន ព្រមទាំងលោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្សជាច្រើនរូប។
សូមចុចអាន៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ មន្រ្តីនគរបាលមិនអាចអន្តរាគមន៍លើករណីដែលខ្លួនពាក់ព័ន្ធបានឡើយ




ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក YAMAMOTO MUNEO អតីតស្ថាបនិកអង្គការ យ៉ាម៉ាម៉ូតុ លោក YAMAMOTO SOTA ស្ថាបនិកបន្តវេន ព្រមទាំង ឯកឧត្តម ឧកញ៉ា បណ្ឌិត សៀង ណាំ និងលោកជំទាវ ដែលបានជួយជ្រោមជ្រែងដល់មជ្ឈមណ្ឌលនេះតាំងពីដើមរហូតមក។ លោកបានគូសបញ្ជាក់ថា ទីកន្លែងនេះមិនត្រឹមតែបង្រៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែជាជម្រកអប់រំសីលធម៌ វិន័យ និងវប្បធម៌ការងារដ៏ថ្លៃថ្នូររបស់ជប៉ុន ដែលបានបង្កើតគ្រឹះយ៉ាងរឹងមាំសម្រាប់រូបលោក និងយុវជនកម្ពុជាដទៃទៀត។
លោកស្នងការបានរំលឹកថា មុនពេលក្លាយជាមន្ត្រីនគរបាល និងជាស្នងការខេត្តចំនួនពីរ (ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប) លោកធ្លាប់ជាមគ្គុទ្ទេសទេសចរណ៍ ដែលទទួលបានការបណ្តុះបណ្តាល និងឱកាសការងារពីទីនេះ។ លោកបញ្ជាក់ថា ជោគជ័យក្នុងអាជីពបម្រើជាតិ សាសនា ព្រះមហារក្សត្រ សព្វថ្ងៃនេះ គឺមានចំណែកយ៉ាងធំធេងពីការអប់រំទូន្មានរបស់មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ ផងដែរ។



គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយផ្តល់ឱកាសឱ្យយុវជនកម្ពុជាបានសិក្សាភាសាជប៉ុនដោយឥតគិតថ្លៃ ថែមទាំងមានប្រាក់ឧបត្ថម្ភថ្លៃម្ហូបដល់សិស្សទៀតផង។ រហូតមកទល់បច្ចុប្បន្ន មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលសិស្សឱ្យបញ្ចប់ការសិក្សាចំនួន ៧០១នាក់ និងកំពុងសិក្សាចំនួន ៤៥នាក់ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំទ្វេដង៕
















