តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន CNA នៅពេលថ្មីៗនេះបានឱ្យដឹងថា អ៊ីរ៉ង់បានធ្វើសេចក្ដីថ្លែការណ៍នៅថ្ងៃទី២២ ខែមីនា ថា ខ្លួននឹងវាយប្រហារលើប្រព័ន្ធថាមពល និងទឹកស្អាតនៃបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ដើម្បីជាការសងសឹក ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឱសានវាទរយៈពេល ៤៨ ម៉ោង ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យសង្គ្រាមរយៈពេលបីសប្តាហ៍នេះកាន់តែរីកធំឡើង។

អ្នកនាំពាក្យយោធាអ៊ីរ៉ង់ លោក Ebrahim Zolfaqari ( អ៊ីប្រាហ៊ីម ហ្សូលហ្វាការី ) បានបញ្ជាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា រាល់ទីតាំងយុទ្ធសាស្ត្ររបស់អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ រួមមានវិស័យថាមពល បច្ចេកវិទ្យាព័ត៌មាន និងរោងចក្រផលិតទឹកស្អាត នឹងត្រូវក្លាយជាគោលដៅគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ភ្លាមៗ ដើម្បីជាការសងសឹក។

ប្រសិនបើការគំរាមកំហែងនេះក្លាយជាការពិត វានឹងបង្កជាមហន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជាប្រជាជាតិឈូងសមុទ្រ។ ខណៈដែលការវាយប្រហារលើបណ្តាញអគ្គិសនីអាចធ្វើឱ្យអ៊ីរ៉ង់ជួបការលំបាក ប៉ុន្តែសម្រាប់ប្រទេសជិតខាងដែលប្រើប្រាស់ថាមពលខ្ពស់ជាងអ៊ីរ៉ង់ដល់ទៅ ៥ ដង និងពឹងផ្អែកស្ទើរតែទាំងស្រុងលើរោងចក្រចម្រោះទឹកសមុទ្រ នោះវានឹងក្លាយជាសោកនាដកម្មដែលធ្វើឱ្យមនុស្សរាប់លាននាក់ខ្វះខាតទឹក និងអគ្គិសនីប្រើប្រាស់ភ្លាមៗ។

ទោះបីជាមានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាពីសំណាក់អាមេរិក និងអ៊ីស្រាអែលអស់រយៈពេលជាង ៣ សប្តាហ៍កន្លងមកក្នុងគោលដៅកាត់បន្ថយសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ក៏ដោយ ក៏ទីក្រុងតេអេរ៉ង់នៅតែបង្ហាញថាខ្លួនមាន សមត្ថភាពក្នុងការវាយបកវិញ។ កាលពីយប់ថ្ងៃអាទិត្យ សម្លេងស៊ីរ៉ែនបានបន្លឺឡើងពាសពេញទីក្រុងទែលអាវីវ និងតំបន់ភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល ដើម្បីព្រមានពីការវាយប្រហារដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់។

ស្របពេលដែលកងម៉ារីន និងនាវាចម្បាំងធុនធ្ងន់របស់អាមេរិកកំពុងសម្រុកឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទីផ្សារថាមពលសកល។ អ្នកជំនាញព្យាករណ៍និយាយថា តម្លៃប្រេងអាចនឹងហក់ឡើងកាន់តែខ្ពស់មិនធ្លាប់មាន ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ឈូងសមុទ្រត្រូវរងការខូចខាត ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

បច្ចុប្បន្នប្រសិនបើស្ថានការណ៍កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលពិភពលោកកំពុងរង់ចាំមើលថា តើលោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តវាយប្រហារតាមពាក្យសម្ដីរបស់លោក? ឬក៏នឹងមានការបន្ទន់ឥរិយាបថដើម្បីបញ្ចៀសសង្រ្គាមតំបន់ដ៏មហន្តរាយនេះ៕

Share.