ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិសែនជ័យ ធ្វើការស្រាវជ្រាវបង្រ្កាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ យកមកបង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធបទលើសរក្សាទុក ដឹកញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ជំរិតទារប្រាក់ (ពុំបានសម្រេច) ក្នុងនោះជនសង្ស័យ២នាក់ រងរបួសដោយលោតពីលើផ្ទះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 

ការបង្ហាញមុខជនសង្ស័យទាំង៩នាក់ ធ្វើឡើងកាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់នីតិវិធីច្បាប់។ 

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ហាដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវកាលពីថ្ងៃទី១៩ និងថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់។ 

ប្រតិបត្តិការបង្រ្កាបនេះដែរ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវចំនួន៣ករណី៖ ទី០១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដៃព្រួតគ្នាវាយប្លន់យកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ចម្រុះ សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ ចំនួន០១គ្រឿង និងទូរសព្ទ័ដៃម៉ាកហ៊ីណូចំនួន ០១ គ្រឿង) ប្រព្រឹត្តនៅចំណុចដីវាល ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រក្សាទុក ដឹកញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៩ សហគមន៍អណ្តូង៦ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ករណីទី០២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដៃព្រួតគ្នាវាយប្លន់យកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ចម្រុះ សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ ចំនួន០១គ្រឿង និងទូរសព្ទ័ដៃម៉ាកហូណូចំនួន ០១ គ្រឿង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជួលផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ និងករណីទី០៣ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ជំរិតទារប្រាក់ (ពុំបានសម្រេច) និងអំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្នុងបុរីមុខផ្ទះលេខ០២A ផ្លូវលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកមកបង្ហាញមុខជាសាធារណៈ រួចបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី

Share.