​ក្នុងចំណោមការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោក និងវិបត្តិថាមពលដែលកំពុងបន្ត សហព័ន្ធរុស្ស៊ីបានបន្តពង្រីកឥទ្ធិពលផ្នែកថាមពលរបស់ខ្លួនយ៉ាងសកម្ម ជាពិសេសឆ្ពោះទៅកាន់ទីផ្សារអាស៊ី និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ បើតាមទិន្នន័យ និងការរាយការណ៍ពីភាគីពាក់ព័ន្ធ គេសង្កេតឃើញថា មកទល់ពេលនេះ យ៉ាងហោចណាស់មានប្រទេសចំនួន ៧ ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចា ឬកំពុងរៀបចំចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យប្រេង ឧស្ម័ន និងថាមពលនុយក្លេអ៊ែរ ជាមួយទីក្រុងមូស្គូ។

ប្រទេសទាំងនោះរួមមាន៖ ចិន អ៊ីរ៉ង់ ឥណ្ឌា វៀតណាម អូម៉ង់ ហ្វីលីពីន និងថៃ។ ក្នុងចំណោមនេះ ចិន និងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងគោលការណ៍លើការសាងសង់បំពង់បង្ហូរឧស្ម័ន Power of Siberia-2 ដែលជាគម្រោងយុទ្ធសាស្ត្រដែលរំពឹងថានឹងបង្កើនសមត្ថភាពនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់ទីផ្សារចិនយ៉ាងច្រើនកុះករ។

រីឯប្រទេសឥណ្ឌា វៀតណាម និងបណ្តាប្រទេសអាស៊ានដូចជា ថៃ និងហ្វីលីពីន ក៏កំពុងស្ថិតក្នុងបញ្ជីអាទិភាពដែលរុស្ស៊ីកំពុងពិភាក្សាដើម្បីចុះកិច្ចសន្យាផ្គត់ផ្គង់ថាមពលរយៈពេលវែងផងដែរ។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់ និងអូម៉ង់ ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការជំរុញគម្រោងរួមគ្នាជាមួយរុស្ស៊ី ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសម្ព័ន្ធភាពថាមពលនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។

ក្រៅពីវិស័យប្រេង និងឧស្ម័ន រុស្ស៊ីក៏កំពុងរុញច្រានកិច្ចសហប្រតិបត្តិការផ្នែកថាមពលនុយក្លេអ៊ែរស៊ីវិលផងដែរ ដោយមានប្រទេសដូចជា ប៊ូរគីណាហ្វាសូ និងណាមីប៊ី កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយក្រុមហ៊ុន Rosatom ដែលជាយក្សនុយក្លេអ៊ែររបស់រុស្ស៊ី។

សូមជម្រាបថា ការពង្រីកនេះកើតឡើងនៅពេលដែលរុស្ស៊ីកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មផ្នែកថាមពលពីសហភាពអឺរ៉ុប រួមទាំងការហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី។ ជាយុទ្ធសាស្ត្រ ទីក្រុងមូស្គូកំពុងបង្កើនល្បឿនក្នុងការបង្វែរទិសដៅនាំចេញថាមពលទៅកាន់ទីផ្សារដែលកំពុងរីកចម្រើននៅអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា ដើម្បីរក្សាលំហូរចំណូល និងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនផងដែរ៕

Share.