ការចំណាយដែលបានគ្រោងទុកសម្រាប់ប្រព័ន្ធការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក បានកើនឡើងដល់ ១៨៥ ពាន់លានដុល្លារ ពោលគឺកើនឡើងចំនួន ១០ ពាន់លានដុល្លារ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍសមត្ថភាពសំខាន់ៗផ្អែកលើលំហអាកាស។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីពង្រីកការការពារនៅលើដី រួមមានមីស៊ីលស្ទាក់ចាប់ ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធបញ្ជា ខណៈពេលដែលបន្ថែមធាតុផ្សំផ្អែកលើលំហអាកាស ដើម្បីស្វែងរក តាមដាន និងអាចទប់ទល់នឹងការគំរាមកំហែងមីស៊ីលពីគន្លងតារាវិថី។

លោកឧត្តមសេនីយ៍ Michael Guetlein នៃកងកម្លាំងលំហអាកាស Space Force បានមានប្រសាសន៍ថា មូលនិធិដែលបានបន្ថែមនេះនឹងជួយពន្លឿនកម្មវិធីធំៗមួយចំនួន រួមមាន៖ គំនិតផ្តួចផ្តើមតាមដានមីស៊ីលកម្រិតខ្ពស់បណ្តាញទិន្នន័យលំហអាកាស និងឧបករណ៍ចាប់សញ្ញាលំហអាកាសសម្រាប់តាមដានមីស៊ីលហាយភើសូនិក និងបាលីស្ទិក ។

ប្រព័ន្ធ HBTSS មានបំណងផ្តល់នូវការតាមដានជាប់ជានិច្ចនូវមីស៊ីលហាយភើសូនិក និងបាលីស្ទិកពីលំហអាកាស​ ដែលឆ្លុះបញ្ចាំងពីការបង្កើនការយកចិត្តទុកដាក់លើការទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើតមាន នៅពេលដែលគូប្រជែងពង្រីកសមត្ថភាពមីស៊ីលកម្រិតខ្ពស់របស់ពួកគេ។

លោក Guetlein បានបញ្ជាក់ថា ការប៉ាន់ស្មានចំនួន ១៨៥ ពាន់លានដុល្លារនេះ គឺជាតួលេខសម្រាប់រចនាសម្ព័ន្ធគោលដៅ ទាំងមូលនៃប្រព័ន្ធនេះក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ លោកបានច្រានចោលការប៉ាន់ស្មានពីខាងក្រៅដែលថា ការចំណាយអាចនឹងកើនឡើងលើសពី ១,០០០ ពាន់លានដុល្លារ។

បណ្តាញបញ្ជា និងគ្រប់គ្រងរបស់ Golden Dome ត្រូវបានពិពណ៌នាថា ជាសមាសធាតុស្នូលនៃប្រព័ន្ធនេះ ដែលគាំទ្រដោយសម្ព័ន្ធក្រុមហ៊ុនការពារជាតិធំៗជាច្រើន។ សម្ព័ន្ធនេះជួបប្រជុំគ្នាជាទៀងទាត់ដើម្បីសម្របសម្រួលការអភិវឌ្ឍ និងត្រូវបានរៀបចំឡើងដើម្បីរក្សាស្តង់ដារការងារ រួមទាំងមានលទ្ធភាពដកចេញនូវភាគីណាដែលបំពេញការងារមិនបានល្អ។

លោកឧត្តមសេនីយ៍ Guetlein បានកំណត់ថា ប្រព័ន្ធស្ទាក់ចាប់ផ្អែកលើលំហអាកាស គឺជាធាតុផ្សំដែលមានហានិភ័យខ្ពស់បំផុតរបស់កម្មវិធី ដោយសារបញ្ហាប្រឈមពាក់ព័ន្ធនឹងលទ្ធភាពពង្រីកវិសាលភាព និងតម្លៃ ខណៈដែលលោកបានចង្អុលបង្ហាញថា ប្រព័ន្ធថាមពលតម្រង់ទិស និងបញ្ញាសិប្បនិម្មិត (AI) ជាមធ្យោបាយសក្តានុពលក្នុងការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ៕

Share.