
រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន បានដាក់ចេញនូវសេចក្តីព្រាង “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ។ សេចក្តីព្រាង គោលនយោបាយនេះត្រូវបានពិនិត្យ និងពិភាក្សា យ៉ាងយកចិត្តទុកដាក់ និងផុសផុលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦, ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

គោលនយោបាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពជនអនាថាឱ្យទទួលបានសេវាសង្គមកិច្ច និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម ។ បន្ថែមពីនេះ គោលនយោបាយនេះក៏ផ្តោតលើការរៀបចំប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការពង្រឹងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការធ្វើសមាហរណកម្មជនអនាថាទៅក្នុងសហគមន៍វិញ ។ ជាលទ្ធផល អង្គប្រជុំបានផ្តល់មតិយោបល់កែសម្រួលខ្លឹមសារមួយចំនួនឱ្យកាន់តែគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ។
ដោយឡែក កិច្ចប្រជុំនេះក៏បានពិនិត្យ និងឯកភាពជាគោលការណ៍លើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម” ។ អនុក្រឹត្យនេះមានគោលបំណងកំណត់វិធាន និងគោលការណ៍ច្បាស់លាស់ ដើម្បីធានាបាននូវសុក្រឹតភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការទូទាត់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម ។ ខ្លឹមសារសំខាន់នៃសេចក្តីព្រាងអនុក្រឹត្យនេះ រួមមានការកំណត់ឱ្យទីភ្នាក់ងារជាតិបញ្ជាក់ចំណាយជាអង្គភាពតែមួយគត់ដែលមានសមត្ថកិច្ច ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការបញ្ជាក់ចំណាយ ការដាក់ចេញនូវវិធានការហាមឃាត់ចំពោះការស្នើសុំទូទាត់ដែលមិនត្រឹមត្រូវ និងការបង្កើតយន្តការដោះស្រាយវិវាទនានា ។ ក្រោយការពិភាក្សា អង្គប្រជុំបានឯកភាពកែសម្រួលចំណុចខ្លះៗ ដើម្បីឱ្យអនុក្រឹត្យនេះកាន់តែមានភាពពេញលេញសម្រាប់ដាក់ជូនសម្តេចនាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេចនាពេលខាងមុខ៕

