សារព័ត៌មាន RT និងទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ី បានដកស្រង់ការផ្សាយរបស់សារព័ត៌មានអាមេរិក Washington Post នាពេលថ្មីនេះ ដោយបានលាតត្រដាងឱ្យដឹងថា ក្រសួងសង្រ្គាមអាមេរិក បានស្នើឱ្យសេតវិមានផ្ដល់ថវិកាបន្ថែមដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ២០០ ពាន់លានដុល្លារ ដើម្បីចាក់បន្ថែមទៅក្នុងយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង។

ក្នុងល្បឿនមួយដែលកំពុងសម្ញែងពីការកម្តៅសាច់ដុំផ្នែកយោធា និងការត្រៀមខ្លួនសម្រាប់ជម្លោះទ្រង់ទ្រាយធំរបស់អាេមេរិក បានចោទជាសំណួរយ៉ាងធំដល់សហគមន៍អន្តរជាតិ និងប្រជាជនអាមេរិកខ្លួនឯងថា តើអ្វីជាកត្តាជំរុញឱ្យបងធំមានឥទ្ធិពលសេដ្ឋកិច្ចបំផុតមួយលើពិភពលោក ត្រូវការថវិកាសង្គ្រាមដ៏ច្រើនសម្បើមបែបនេះ? ចម្លើយដែលលេចធ្លោជាងគេ គឺការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងការធានាអនាគតយុទ្ធសាស្ត្ររបស់អាមេរិកនៅមជ្ឈិមបូព៌ា ដែលជាតំបន់សម្បូរប្រេង និងជាចំណុចប្រសព្វនៃផលប្រយោជន៍សកល។

ទោះជាយ៉ាងណា ការស្នើសុំថវិកាដ៏ធំនេះ កំពុងប្រឈមមុខនឹងឧបសគ្គមិនតិចនោះទេ នោះគឺសភាអាមេរិក។ របាយការណ៍បានបញ្ជាក់ថា សមាជិកសភាជាច្រើនបានសម្តែងការប្រឆាំង និងមិនចង់ឱ្យមានជម្លោះនេះកើតឡើងឡើយ។ វាជាសញ្ញាបង្ហាញពីភាពប្រេះឆាក្នុងយុទ្ធសាស្ត្រការបរទេសរបស់អាមេរិក រវាងឆន្ទៈរបស់ថ្នាក់ដឹកនាំយោធា និងការព្រួយបារម្ភរបស់តំណាងរាស្រ្ត ដែលជាអ្នកកំណត់ថវិកា។ តួលេខ ២០០ ពាន់លានដុល្លារ គឺជាចំនួនដ៏ច្រើនលើសលប់ ជាពិសេសបើប្រៀបធៀបទៅនឹងការចំណាយក្នុងសង្គ្រាមរយៈពេលខ្លីកន្លងមក។

កន្លងមកមានរបាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ដំបូងនៃសង្គ្រាមណាមួយ អាមេរិកបានចំណាយប្រាក់យ៉ាងតិច ១២ ពាន់លានដុល្លាររួចទៅហើយ។ ការចំណាយដ៏ច្រើននេះ បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីក្រុមសកម្មជនប្រឆាំងសង្គ្រាម ដែលលើកឡើងថា ថវិកាទាំងនេះអាចនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនអាមេរិក ប្រសិនបើយកទៅប្រើប្រាស់ក្នុងវិស័យសុខាភិបាល ការអប់រំ និងកម្មវិធីសង្គមកិច្ចផ្សេងៗទៀត។ តើការចាយលុយរាប់រយពាន់លានដុល្លារទៅលើសង្គ្រាម ពិតជារឿងដែលគ្មានជម្រើសផ្សេងមែនទេ?

ជាជម្រើស ឬមិនជាជម្រើស អាមេរិកមិនបានព្រងើយកន្តើយចំពោះការបាត់បង់អំណាចសេដ្ឋកិច្ចរបស់ខ្លួនឡើយ ខណៈសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវការសុខុមាលភាព និងសន្តិភាព កំពុងត្រូវបានគេព្រងើយកន្តើយ ដើម្បីផ្តល់ផ្លូវដល់យុទ្ធសាស្ត្រនយោបាយ និងការប្រកួតប្រជែងអំណាច។ ជម្លោះដែលអាចកើតឡើង មិនត្រឹមតែបំផ្លាញសេដ្ឋកិច្ច និងធនធានរបស់ប្រទេសមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កឲ្យមានរលកយក្សនៃអស្ថិរភាព អំពើហិង្សា និងវិបត្តិមនុស្សធម៌ពាសពេញតំបន់មជ្ឈិមបូព៌ា ដែលជាតំបន់កំពុងឆេះរងំរួចទៅហើយ។

សហគមន៍អន្តរជាតិ កំពុងរង់ចាំមើលថា តើសំណើដ៏ចម្រូងចម្រាសនេះ នឹងត្រូវឆ្លងកាត់សភាអាមេរិកដោយរបៀបណា? ហើយបើទោះបីជាត្រូវបានអនុម័តក៏ដោយ តើវានឹងនាំមកនូវសន្តិសុខពិតប្រាកដ ឬគ្រាន់តែជាការបង្កើនវដ្តនៃអំពើហិង្សាមួយទៀត?

Share.