កោះកុង ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។





ការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ស្នាដៃនិងគំនិត ព្រមទាំងការឆ្នៃប្រឌិតដោយវិនិយោគិនខ្មែរ ដោយរក្សានូវអត្តសញ្ញាណខ្មែរ ដែលបានឆ្លុះបញ្ជាំងពីការរួមចំណែករបស់ប្រជាជនខ្មែរ ដែលចេះស្រឡាញ់និងរួបរួមគ្នាក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង” ។




ក្នុងបេសកកម្មរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅ “កោះទទឹងរីស្សត” កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដែលជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកោះកុង ។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តកោះកុង តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ៦០ នាក់ ។




គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើកោះទទឹងរីស្សត រួមមាន វីឡាលំហែប្រណិត ផ្ទះឈើបែបខ្មែរបុរាណ បណ្ណាល័យ កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កន្លែងមើលថ្ងៃលិច និងភោជនីយដ្ឋាន ដែលបានរៀបចំតាមស្តង់ដារខ្ពស់ ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. ដែលបានវិនិយោគ និងអភិវឌ្ឍកោះទទឹងរីស្សត តាមរយៈ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។




គួរបញ្ជាក់ថា “កោះទទឹងរីស្សត” បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ ដោយមានវីឡាសរុបចំនួន ២៤ រចនាបែបបុរាណ និងសហសម័យ ព័ទ្ធជុំវិញដោយធម្មជាតិខៀវស្រងាត់ និងមានឆ្នេរខ្សាច់សស្អាតប្រវែងប្រមាណ ២,០០០ ម៉ែត្រ ដែលផ្តល់នូវបទពិសោធន៍លំហែកាយដ៏ប្រណិត និងឯកជនភាពខ្ពស់ ។
អត្ថបទ÷តាតុងសែនជ័យ

