កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើឱ្យមន្ត្រីពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីបង្ការ និងបង្ក្រាបអំពើជួញដូរមនុស្ស ឱ្យមានប្រសិទ្ធភាពខ្ពស់។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។



ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ រួមទាំងអំពើជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងលើកកម្ពស់សុវត្ថិភាពនៅមូលដ្ឋាន។




ជាមួយគ្នានេះ អភិបាលខេត្តក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ តាមដានស្ថានការណ៍ និងកលល្បិចជនល្មើស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា ខណៈបានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យចៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលអាចបំផ្លាញអនាគត។








អត្ថបទ÷អាចារ្យលាក់
