ប្រព័ន្ធស្វែងរក និងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅកម្ពុជា កំពុងផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង តាមរយៈការដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor Portal)» លើថ្នាលឌីជីថល ដែលនឹងធ្វើឱ្យការផ្តល់ជំនួយសង្គមទៅដល់ដៃពលរដ្ឋកាន់តែលឿន សុក្រឹត និងមានតម្លាភាពបំផុត។ ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យាថ្មីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងតំណាងទូតសំខាន់ៗ រួមមានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា។

ថ្លៃក្នុងពិធីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ផតថលថ្មី (Portal) នេះមិនមែនត្រឹមតែជាការផ្លាស់ប្តូរប្រព័ន្ធកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ឆ្អឹងខ្នង” នៃប្រព័ន្ធគាំពារសង្គមដែលរឹងមាំ និងមានភាពបត់បែនដូចប្រទេសជឿនលឿន ដើម្បីធានាថាគ្មានពលរដ្ឋក្រីក្រណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។

ក្នុងឱកាសនោះដែរ តំណាងម្ចាស់ជំនួយគឺ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដោយចាត់ទុកថាការធ្វើទំនើបកម្មឌីជីថលនេះ គឺជាសក្ខីភាពនៃភាពជោគជ័យរបស់កម្ពុជា ក្នុងការធានាឱ្យបាននូវតម្លាភាពនៃការផ្តល់សេវាសាធារណៈ ដែលជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាចុងក្រោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានសង្កត់ធ្ងន់ថា នេះគឺជាជំហានដាច់ខាតនៃបដិវត្តន៍ឌីជីថលក្នុងវិស័យគាំពារសង្គម។ លោកបានជំរុញឱ្យមន្ត្រីអនុវត្តផ្ទាល់ ត្រូវប្រើប្រាស់ឧបករណ៍ឌីជីថលថ្មីនេះឱ្យអស់លទ្ធភាព ដើម្បីបម្រើពលរដ្ឋឱ្យបានទាន់ចិត្ត និងចំគោលដៅបំផុត៕

Share.