បាត់ដំបង៖ ដោយក្តីអាណិតអាសូរ និងការគិតគូរពីអនាគតកុមារ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចាត់តំណាងដឹកនាំដោយ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍សាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិការមួយចំនួនឧបត្ថម្ភដល់កូនៗទាំង៣នាក់ របស់លោក ទេស សុជុន (ហៅនាយក្រិន) ដើម្បីសម្រាលបន្ទុកគ្រួសារក្នុងគ្រាដ៏លំបាកនេះ។


បច្ចុប្បន្ន តារាកំប្លែងមាឌតូចល្អិតរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈដែលកូនប្រុសស្រីទាំង ៣នាក់ កំពុងស្នាក់នៅជាមួយក្រុមគ្រួសារ ក្នុងភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម ផេង សិទ្ធី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់សិល្បករ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាក។




ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អនុប្រធានចិន្រ្តៃយ៍សាខា បានជំរុញឱ្យក្មួយៗខិតខំរៀនសូត្រ ធ្វើជាកូនកតញ្ញូ និងជាពលរដ្ឋល្អក្នុងសង្គម ព្រមទាំងជូនពរឱ្យនាយក្រិនឆាប់រហ័សជាសះស្បើយ ដើម្បីត្រឡប់មកបម្រើវិស័យសិល្បៈវិញ។

កូនៗទាំង៣នាក់ របស់នាយក្រិន បានសម្តែងនូវក្ដីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងទ្វេរ ដែលជា «មាតាមនុស្សធម៌» និងជា «ម្លប់ដ៏ត្រជាក់» តែងតែផ្តល់ក្តីសង្ឃឹមដល់អ្នកដែលកំពុងទាល់ច្រកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕ ក្រុមគ្រួសារនាយក្រិន ក៏បានគោរគជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕
អត្ថបទ៖ កាកបាទក្រហមកម្ពុជា

