អ៊ីរ៉ង់បានប្រកាសថា នាវាដែល “មិនមានអរិភាព” អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន ខណៈចរាចរណ៍នាវាតាមផ្លូវទឹកនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្ដាលឲ្យកើតវិបត្តិថាមពលពិភពលោកធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន www.aljazeera.com នៅថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៦នេះ។​

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា នាវាអាចប្រើប្រាស់ “ការធ្វើដំណើរដោយសុវត្ថិភាព” តាមច្រកសមុទ្រនេះបាន ប្រសិនបើពួកវា មិនចូលរួម ឬគាំទ្រសកម្មភាពប្រឆាំងអ៊ីរ៉ង់ និងគោរពតាមបទបញ្ជាសុវត្ថិភាព និងសន្តិសុខដែលបានប្រកាស។

សេចក្តីថ្លែងការណ៍បានបន្ថែមថា នាវានឹងអាចឆ្លងកាត់ច្រកសមុទ្រនេះបាន “ដោយសម្របសម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់ដែលពាក់ព័ន្ធ” ហើយត្រូវបានផ្សាយលើបណ្តាញសង្គម។

មុននេះ អ៊ីរ៉ង់ក៏បានផ្ញើសេចក្តីថ្លែងការណ៍ស្រដៀងគ្នាទៅកាន់អង្គការសមុទ្រអន្តរជាតិ (IMO) ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាព និងសន្តិសុខនាវាចរណ៍អន្តរជាតិ។

ទោះជាយ៉ាងណា អ៊ីរ៉ង់មិនបានបញ្ជាក់លម្អិតអំពីបទបញ្ជាណាដែលនាវាត្រូវគោរព ដើម្បីធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពនោះទេ។ ច្រកសមុទ្រ Hormuz ជាទីតាំងសំខាន់ ដែលជាផ្លូវឆ្លងកាត់សម្រាប់ប្រមាណមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) នៅលើពិភពលោក។

សេចក្តីថ្លែងការណ៍នេះកើតមានឡើង ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការចរចាកំពុងដំណើរការ ដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទោះបីអ៊ីរ៉ង់បានបដិសេធពីមុនថាមិនមានការចរចាក៏ដោយ។

ទោះមាននាវាខ្លះនៅតែឆ្លងកាត់ច្រកសមុទ្រនេះរៀងរាល់ថ្ងៃ ក៏ដោយ កម្រិតចរាចរណ៍នៅតែទាបជាងមុនយ៉ាងខ្លាំង បើប្រៀបធៀបនឹងមុនពេលអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

តាមទិន្នន័យពីក្រុមហ៊ុនវិភាគដឹកជញ្ជូន Windward បានបង្ហាញថា មានតែ ៥នាវាប៉ុណ្ណោះបានឆ្លងកាត់ច្រកសមុទ្រនេះនៅថ្ងៃចន្ទ ខណៈមធ្យមមុនសង្គ្រាមមានប្រហែល ១២០នាវាក្នុងមួយថ្ងៃ។

នៅដើមសង្គ្រាម អ៊ីរ៉ង់បានព្រមានថា នាវាណាដែលព្យាយាមឆ្លងកាត់ អាចប្រឈមនឹងការវាយប្រហារ ប៉ុន្តែថ្មីៗនេះ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា ច្រកសមុទ្រនេះនៅតែបើកចំហ សម្រាប់នាវាដែលមិនមែនជាសត្រូវ។

ការធ្លាក់ចុះនៃចរាចរណ៍នាវាតាមច្រកសមុទ្រនេះ បានធ្វើឲ្យតម្លៃថាមពលពិភពលោកកើនឡើងខ្លាំង ហើយអ្នកវិភាគខ្លះព្យាករណ៍ថា តម្លៃប្រេងអាចឡើងដល់ ១៥០ ដុល្លារ ឬសូម្បីតែ ២០០ ដុល្លារ ក្នុងមួយបារែល ប្រសិនបើច្រកសមុទ្រនេះនៅតែបិទជាក់ស្តែង។

បន្ទាប់ពីឡើងលើស ១០០ ដុល្លារក្នុងមួយបារែលក្នុងខែមីនា តម្លៃប្រេង Brent បានធ្លាក់ចុះជាង ៩% នៅថ្ងៃពុធ បន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានផ្ញើផែនការចំនួន ១៥ចំណុចទៅអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម។

ទីផ្សារភាគហ៊ុនអាស៊ីបានបើកឡើងខ្ពស់នៅថ្ងៃពុធ ដោយសារការរំពឹងថា សង្គ្រាមអាចនឹងបញ្ចប់។ សន្ទស្សន៍ Nikkei 225 របស់ជប៉ុន បានកើនឡើងប្រហែល ២.៣% ខណៈ KOSPI របស់កូរ៉េខាងត្បូង កើនឡើង ២.៦% ហើយសន្ទស្សន៍ Hang Seng នៅហុងកុង កើនឡើង ០.៧%៕

Share.