សារព័ត៌មាន BBC បានចេញផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ) បានចេញក្រឹត្យប្រកាសដាក់ប្រទេសឱ្យស្ថិតក្នុងស្ថានភាពអាសន្នផ្នែកថាមពលកម្រិតជាតិ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលកំពុងគំរាមកំហែងដល់សន្តិសុខថាមពល និងស្ថិរភាពតម្លៃប្រេងឥន្ធនៈក្នុងស្រុក។

ក្រឹត្យប្រធានាធិបតីលេខ ១១០ ដែលត្រូវបានចែករំលែកដល់ប្រព័ន្ធផ្សព្វផ្សាយនាល្ងាចថ្ងៃអង្គារ ទី២៤ ខែមីនា មានគោលបំណងផ្តល់អំណាចដល់ក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធ ក្នុងការចាត់វិធានការបន្ទាន់ ដូចជា ការគ្រប់គ្រងការផ្គត់ផ្គង់ ការកំណត់តម្លៃអតិបរមា និងការសម្របសម្រួលការនាំចូល ដើម្បីទប់ស្កាត់ការរំខានដល់សង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអគ្គិសនី។
ការប្រកាសនេះត្រូវបានធ្វើឡើងត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីព័ត៌មាននៃវិមានប្រធានាធិបតី បានអះអាងថា ហ្វីលីពីនមិនទាន់ស្ថិតក្នុងវិបត្តិប្រេងឥន្ធនៈនៅឡើយទេ ដោយគ្រាន់តែកំពុងប្រឈមមុខនឹង “ការរំខានលើតម្លៃ” ប៉ុណ្ណោះ។ ការផ្លាស់ប្តូរឥរិយាបថភ្លាមៗនេះ ឆ្លុះបញ្ចាំងពីការយល់ដឹងរបស់រដ្ឋាភិបាលចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់ឈូងសមុទ្រកំពុងបង្កើនហានិភ័យដល់ការនាំចូលថាមពលរបស់ប្រទេស។
ប្រទេសហ្វីលីពីន ដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ កំពុងប្រឈមមុខនឹងសម្ពាធពីការកើនឡើងថ្លៃដឹកជញ្ជូន និងថ្លៃអគ្គិសនី ដែលជះឥទ្ធិពលដោយផ្ទាល់ដល់អតិផរណា និងជីវភាពរស់នៅរបស់ប្រជាជន។
ស្ថានភាពអាសន្នថាមពលនេះ នឹងមានសុពលភាពរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃចេញក្រឹត្យ លើកលែងតែមានការបន្ត ឬលុបចោលដោយប្រធានាធិបតី Marcos។ បច្ចុប្បន្ននេះ ក្រសួងថាមពលកំពុងរៀបចំផែនការសកម្មភាពជាក់លាក់ ដែលរំពឹងថានឹងប្រកាសឱ្យដឹងនៅក្នុងសប្តាហ៍នេះ៕

