(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្ដូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន ៥។ គម្រោងដ៏ធំសម្បើមនេះ ទទួលបានហិរញ្ញប្បទានឥតសំណងពីគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០,៦ លានដុល្លារអាមេរិក។

ក្នុងប្រសាសន៍សំណេះសំណាល សម្តេចធិបតី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅក្បែរកម្ពុជាក្នុងកិច្ចការអភិវឌ្ឍន៍ ជាពិសេសលើវិស័យទឹកស្អាតដែលជាសេចក្តីត្រូវការចាំបាច់បំផុត។ សម្តេចបានបញ្ជាក់ថា រោងចក្រថ្មីនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែម ៦,៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់សរុបក្នុងខេត្តស្វាយរៀងកើនដល់ ២២,៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្ម។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតិឲ្យរដ្ឋាករទឹកស្វាយរៀង មានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ ក្នុងតំបន់សេវារបស់ខ្លួន (ក្រុងស្វាយរៀង និងឃុំចំនួន៥ នៃស្រុកស្វាយជ្រំ) ពី៣២% ទៅ ៥៨%។ រោងចក្រនេះបានចំណាយពេល២៣ខែទើបសាងសង់រួចរាល់ជាស្ថាពរ ពោលចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន ៥ រួមមាន ស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី នឹងក្លាយជាឆ្អឹងខ្នងថ្មីមួយទៀតក្នុងការធានាថា “ទឹកស្អាតមានសម្រាប់ទាំងអស់គ្នា” សំដៅលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយជំងឺដង្កាត់ផ្សេងៗដែលបង្កឡើងដោយការប្រើប្រាស់ទឹកមិនមានសុវត្ថិភាព។

ក្រោមទុនវិនិយោគសរុប៦០លានដុល្លារអាមេរិក គម្រោងនេះ នឹងបង្កើនសមត្ថភាព     ផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ១៣,៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន២៨,៦៦០គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧៕

អត្ថបទ៖ត្រយង

Share.