ភ្នំពេញ៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធ Online Scam នៅផ្ទះលេខ ១៦០ ផ្លូវលេខ ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះបានអនុវត្តក្រោមការគ្រប់គ្រងផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរខណ្ឌច្បារអំពៅ បានចូលរួមការបង្ក្រាប ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ (មានលិខិតឆ្លងដែន ៩ក្បាល) និងដកហូតវត្ថុបរិក្ខារ រួមមាន៖
កុំព្យូទ័រ All-in-one ៩គ្រឿង ម៉ាស៊ីន CPU ៤គ្រឿង អេក្រង់ Monitor ៣គ្រឿង
ទូរសព្ទដៃ ១០គ្រឿង ការពិនិត្យបង្ហាញថាទីតាំងនេះពាក់ព័ន្ធនឹងអំពើ “កម្ចីប្រាក់ខុសច្បាប់” និងមានសកម្មភាពស្នាក់នៅខុសច្បាប់។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទទីតាំងជាបណ្ដោះអាសន្ន ហើយមនុស្សទាំង ១០នាក់ និងវត្ថុបរិក្ខារ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

លេខាធិការដ្ឋានគ.ប.ឆ.ប. បានរាយការណ៍ថា ចាប់ពីឆ្នាំ ២០២៥ រហូតដល់សប្តាហ៍ទី ២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទទីតាំង Online Scam សរុប ២៣៦ ទីតាំង ក្នុងនោះមានកាស៊ីណូ ៩១កន្លែង និងបុរី វីឡា ខុនដូ លំនៅឋាន ១៤៥កន្លែង។
របាយការណ៍ក្រសួងយុត្តិធម៌ បង្ហាញថា ក្នុង ៨ខែចុងក្រោយ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿង Online Scam ៧៩សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងអ្នកពាក់ព័ន្ធចំនួន ៦៩៧នាក់ មានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េខាងត្បូង, មីយ៉ាន់ម៉ា, បង់ក្លាដេស, សិង្ហបុរី, នេប៉ាល់, ឥណ្ឌា, ម៉ាឡេស៊ី, ខ្មែរ, ប៉ាគីស្ថាន និងថៃ។ ក្នុងនោះរាប់បញ្ចូលសំណុំរឿងធំៗ ដូចជា ចេន ស៊ី និងឧកញ៉ា លី គួង។

អាជ្ញាធរកត់សម្គាល់ថា ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងប្រឈមមុខនឹងទោសខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយ។
អត្ថបទ៖កណ្តាល

