(ស្វាយរៀង)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ៣០,៦ លានដុល្លារ នៅក្រុងស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសកម្មក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នាពេលកន្លងមក។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចជាតិ។ សម្តេចបានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណ និងកោតសរសើរដល់ឯកឧត្ដមអភិបាលខេត្ត ដែលបានប្ដេជ្ញាចិត្តខ្ពស់អនុវត្តតាមបញ្ជារបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាកុំឲ្យខេត្តស្វាយរៀងក្លាយជាខេត្តដែលមានបញ្ហាកេរិ្តឈ្មោះ និងប៉ះពាល់ដល់សន្តិសុខលើរឿងនេះ»

សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា បទល្មើសឆបោកអនឡាញគឺជាបញ្ហាប្រឈមរួមក្នុងតំបន់ ប៉ុន្តែកម្ពុជាត្រូវតែបង្ហាញពីភាពជាម្ចាស់ការក្នុងការបង្ការ និងបោសសម្អាតឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីថែរក្សាបរិយាកាសវិនិយោគឱ្យបានល្អស្អាត។ ប្រសិនបើសន្តិសុខត្រូវបានធានា នោះវិនិយោគិននឹងមានជំនឿចិត្តកាន់តែខ្លាំង ដែលជាកម្លាំងចលករជំរុញឱ្យខេត្តស្វាយរៀងប្រែក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំសម្បើមក្នុងរយៈពេល ២០ ឆ្នាំខាងមុខ មិនត្រឹមតែនៅក្រុងបាវិតប៉ុណ្ណោះទេ ប៉ុន្តែនឹងរីកសាយភាយពេញផ្ទៃខេត្តតែម្តង៕

អត្ថបទ៖ត្រយង

Share.