ស៊ីដនី៖ រដ្ឋាភិបាលទីក្រុងស៊ីដនី បានសម្រេចចិត្តដាក់វិធានការណ៍ «រុញទូកបណ្តោយទឹក» ដោយប្រកាសបិទសិទ្ធិមិនឱ្យជនជាតិអ៊ីរ៉ង់ចូលស្រុក រយៈពេល ៦ខែពេញ។ វិធានការណ៍ដ៏តឹងរ៉ឹងនេះ កើតឡើងចំពេលដែលស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកម្ដៅ ដែលធ្វើឱ្យអូស្ត្រាលីបារម្ភថា ភ្ញៀវទេសចរអ៊ីរ៉ង់នឹងប្រើល្បិចសុំជ្រកកោន មិនព្រមត្រឡប់ទៅមាតុភូមិវិញ ក្រោយទិដ្ឋាការអស់សុពលភាព។

សារព័ត៌មាន CNA បានចេញផ្សាយនាថ្ងៃទី២៦ ខែមីនា នេះថា ក្រសួងមហាផ្ទៃអូស្ត្រាលីបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អ្នកកាន់លិខិតឆ្លងដែនអ៊ីរ៉ង់នឹងមិនត្រូវទទួលបានការផ្ដល់ទិដ្ឋាការទេសចរណ៍ ឬធ្វើការងារក្នុងប្រទេសអូស្ត្រាលីនោះទេ ដោយសារហានិភ័យនៃការរត់គេចពីសង្គ្រាមមកសម្ងំរស់នៅខុសច្បាប់ក្នុងប្រទេសអូស្រ្តាលី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Tony Burke បានលើកឡើងចំៗថា ការសម្រេចចិត្តឱ្យនរណាម្នាក់មករស់នៅអូស្ត្រាលីជាអចិន្ត្រៃយ៍ ត្រូវតែជាការសម្រេចចិត្តរបស់រដ្ឋាភិបាល មិនមែនអាចមកស្នាក់នៅ ដោយសារតែមកលេងកម្សាន្ដនោះទេ។ យ៉ាងណា បម្រាមនេះនឹងមានការយោគយល់ខ្លះៗ ចំពោះតែករណីពិសេសបំផុត ដែលត្រូវជាឪពុកម្តាយរបស់ពលរដ្ឋអូស្ត្រាលីប៉ុណ្ណោះ។





បច្ចុប្បន្នមានពលរដ្ឋដើមកំណើតអ៊ីរ៉ង់ជាង ៨៥,០០០នាក់កំពុងរស់នៅតាមទីក្រុងធំៗដូចជា ស៊ីដនី និងមែលប៊ន។ បម្រាមថ្មីនេះ មិនត្រឹមតែជាការកាត់ផ្តាច់ទំនាក់ទំនងរវាងប្រទេសទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាណនៃសង្គ្រាមការទូតដ៏ត្រជាក់រវាងប្រទេសប្រជាធិបតេយ្យ និងរបបដឹកនាំអ៊ីរ៉ង់៕

