ពោធិ៍សាត់៖ ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការអនុវត្តភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈប្រតិបត្តិការ ២៤ម៉ោងលើ២៤ម៉ោង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នាពេលខាងមុខ។ ការណែនាំនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា។

លោកស្នងការបានបញ្ជាក់ថា សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាចំណុចសំខាន់សម្រាប់ជីវភាពរស់នៅដោយសុខដុមរមនា ដូច្នេះកងកម្លាំងទាំងអស់ ត្រូវបង្កើនការយាមកាម ការពារសុវត្ថិភាពតាមវត្តអារាម រមណីយដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំងសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់លើដងផ្លូវ។


ជាមួយគ្នានេះ ក៏បានណែនាំឲ្យបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យផ្សេងៗ ដូចជា អគ្គិភ័យ ដោយត្រូវពិនិត្យធូបទៀន ចរន្តអគ្គិសនី និងចង្ក្រានហ្គាស មុនចាកចេញពីផ្ទះ និងគោរពច្បាប់ចរាចរណ៍ “ពិសាគ្រឿងស្រវឹង កុំបើកបរ”។ ព្រមទាំងបន្តបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។


លើសពីនេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានរំលឹកឲ្យមន្ត្រីទាំងអស់ ពង្រឹងវិន័យ រក្សាសេចក្តីថ្លៃថ្នូរ និងមានសីលធម៌ល្អក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបទល្មើសផ្សេងៗ។ ក្នុងឱកាសនោះផងដែរ លោកបានកោតសរសើរកងកម្លាំងទាំងអស់ និងបានបំពាក់ឋានន្តរក្សជូនមន្ត្រីចំនួន ៨រូប ព្រមទាំងប្រគល់ឧបករណ៍ពន្លត់អគ្គិភ័យដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក នីមួយៗ ដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពការងារ៕




អត្ថបទ÷ពោធិ៍សាត់

