ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះការចែកចាយមេរោគប្រភេទឯកសារ .exe ដែលកំពុងត្រូវបានបញ្ជូនតាមប្រព័ន្ធទំនាក់ទំនងសង្គម Telegram ដោយអាចបង្កហានិភ័យលួចយកទិន្នន័យអ្នកប្រើប្រាស់។


តាមការបញ្ជាក់ មេរោគនេះត្រូវបានជនអនាមិកកែច្នៃបំលែងឈ្មោះឯកសារ ឲ្យមានលក្ខណៈទាក់ទាញ ដូចជា ព័ត៌មានសោកនាដកម្ម រូបភាពការស្លាប់ ឬសន្ទរកថាថ្នាក់ដឹកនាំ ដើម្បីបញ្ចេញអារម្មណ៍ចង់ដឹងរបស់អ្នកប្រើប្រាស់ ហើយបង្កឲ្យមានការចុចបើក ឬទាញយក ដែលនាំឲ្យទិន្នន័យផ្ទាល់ខ្លួនត្រូវលួចយក។

នាយកដ្ឋានបានណែនាំឲ្យអ្នកប្រើប្រាស់ទាំងអស់ ត្រូវពិនិត្យប្រភពឯកសារឲ្យបានច្បាស់ មុនពេលបើក ឬទាញយក ហើយមិនគួរចុចលើឯកសារណាមួយដែលផ្ញើពីអ្នកមិនស្គាល់អត្តសញ្ញាណ ដើម្បីជៀសវាងការបាត់បង់ទិន្នន័យ និងហានិភ័យផ្សេងៗ៕

អត្ថបទ៖ កណ្តាល

Share.