ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2026) ឱ្យខិតខំពង្រឹងសមត្ថភាព និងប្រមូលបទពិសោធ ដើម្បីក្លាយជាមូលធនមនុស្សដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកម្ពុជា។




ការលើកឡើងនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខណៈលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតចំនួន ១២នាក់ ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា រយៈពេល២ឆ្នាំ នៅប្រទេសជប៉ុន។


ក្នុងឱកាសនោះ លោកជំទាវបានណែនាំឱ្យយុវជនទាំងអស់ ប្រើប្រាស់ឱកាសសិក្សានេះឱ្យមានប្រសិទ្ធភាព បង្ហាញសមត្ថភាព និងមោទនភាពជាតិខ្មែរ ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងអន្តរជាតិ។ ជាមួយគ្នានេះ ក៏បានរំលេចពីតួនាទីយុវជនក្នុងការចូលរួមផ្សព្វផ្សាយសក្ដានុពលអភិវឌ្ឍន៍ និងឱកាសវិនិយោគនៅកម្ពុជា ទៅកាន់មិត្តភក្តិបរទេស។


លោកជំទាវក៏បានលើកឡើងពីបេសកកម្មសំខាន់របស់ក្រសួង ក្នុងការការពារសិទ្ធិកម្មករ បង្កើនប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈយន្តការផ្សេងៗ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ និងលេខ Hotline ១២៩៧។





ជាមួយនេះ លោកជំទាវបានបង្ហាញក្តីសង្ឃឹមថា និស្សិតទាំងអស់នឹងទទួលបានជោគជ័យក្នុងការសិក្សា ក្រេបយកចំណេះដឹង និងបទពិសោធថ្មីៗ ដើម្បីវិលត្រឡប់មកបម្រើមាតុប្រទេស ជាមូលធនមនុស្សមានសមត្ថភាព និងរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន៕
អត្ថបទ÷កណ្តាល

