តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុប ០៦នាក់ (ស្រី០២នាក់) និងដកហូតវត្ថុតាងជាច្រើន។



ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយចាប់ផ្តើមនៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយបន្តពន្លាតទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានចំនួន ២ទីតាំង ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល។




ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីន ជាច្រើនសរុបទំងន់ជាង ១៥គីឡូក្រាម រួមទាំងថ្នាំគ្រាប់ជាង ៣៥០០គ្រាប់។ ក្រៅពីនេះ ក៏ដកហូតបានរថយន្ត ០១គ្រឿង ម៉ូតូ ០៣គ្រឿង ទូរស័ព្ទ ០៩គ្រឿង ជញ្ជីងថ្លឹង ០៣គ្រឿង កាំភ្លើងកែច្នៃ ០១ដើម និងសម្ភារៈពាក់ព័ន្ធផ្សេងៗជាច្រើន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ចតុម្មុខ

