ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តម្លៃទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិកបាន «ហក់ឡើងខ្លាំងបំផុតក្នុងរយៈពេល ៤ ឆ្នាំ» កាលពីខែកុម្ភៈ បន្ទាប់ពីតម្លៃថាមពលបានហក់ឡើងខ្ពស់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា ដែលនេះគឺជាសញ្ញាបង្ហាញថា «អតិផរណា» កំពុងតែបង្កើនល្បឿនក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

លោក Eugenio Aleman សេដ្ឋវិទូនៃធនាគារ Raymond James បានលើកឡើងថា៖ «មិនមែនមានតែតម្លៃថាមពលទេដែលកើនឡើង ប៉ុន្តែតម្លៃទំនិញនាំចូលផ្សេងទៀតក៏បានហក់ឡើងខ្លាំងដូចគ្នា»។ លោកបានបញ្ជាក់ថា នេះគឺជា «សញ្ញាព្រមាន» ដល់អ្នកកំណត់នយោបាយ ហើយអាចធ្វើឱ្យធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ពន្យារពេលការបញ្ចុះអត្រាការប្រាក់យូរជាងការរំពឹងទុក។
ក្នុងរយៈពេល ១២ ខែ រហូតដល់ខែកុម្ភៈ តម្លៃទំនិញនាំចូលបានកើនឡើង ១.៣% ដែលជាការកើនឡើងប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីបានកើនឡើង ០.៣% កាលពីខែមករា។

លោក John Riding ទីប្រឹក្សាសេដ្ឋកិច្ចនៃ Brean Capital បាននិយាយថា៖ «កាលពីមុន តម្លៃទំនិញនាំចូលមិនមែនជាកត្តាសំខាន់នៃអតិផរណានោះទេ ប៉ុន្តែឥឡូវនេះវាចាប់ផ្ដើមក្លាយជាបញ្ហាហើយ នៅពេលដែលតម្លៃថាមពលមាននិន្នាការហក់ឡើងខ្លាំងក្នុងខែមីនា ដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់»។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរាយការណ៍កាលពីសប្តាហ៍មុនថា តម្លៃផលិតករក្នុងខែកុម្ភៈបានកើនឡើងខ្លាំងបំផុតក្នុងរយៈពេល ៧ ខែ ចំពេលមានការកែសម្រួលឡើងថ្លៃទាំងផ្នែកទំនិញ និងសេវាកម្មយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនេះ លទ្ធផលស្ទង់មតិរបស់ S&P Global កាលពីថ្ងៃអង្គារបានរកឃើញថា វិស័យអាជីវកម្មត្រូវចំណាយលើថ្លៃដើមវត្ថុធាតុដើមខ្ពស់ជាងមុនក្នុងខែមីនា ហើយបានដំឡើងថ្លៃទំនិញ និងសេវាកម្មតាមនោះដែរ។ ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅចុងខែកុម្ភៈ តម្លៃប្រេងបានកើនឡើងជាង ៣០%។ តម្លៃជីកសិកម្មក៏បានកើនឡើងផងដែរ ដែលនឹងជះឥទ្ធិពលធ្វើឱ្យ «អតិផរណាផ្នែកអាហារ» កាន់តែខ្ពស់តាមកម្រិតលំដាប់លំដោយ។

តម្លៃអាហារបានកើនឡើង ០.៨% ដោយសារការឡើងថ្លៃនៃទំនិញជាច្រើនប្រភេទដូចជា បន្លែ ភេសជ្ជៈអាល់កុល សាច់ និងរុក្ខជាតិប្រេង។ លោក Oren Klachkin សេដ្ឋវិទូទីផ្សារហិរញ្ញវត្ថុមកពី Nationwide បានលើកឡើងថា៖ «ជម្លោះនឹងរុញច្រានតម្លៃថាមពល និងអាហារឱ្យកាន់តែខ្ពស់ ហើយផលប៉ះពាល់នឹងរីករាលដាលបន្តិចម្តងៗទៅដល់អតិផរណាជាមូលដ្ឋាន»។

ចំណែកតម្លៃទំនិញនាំចូលពីប្រទេសចិនបានកើនឡើង ០.៥% ក្នុងខែកុម្ភៈ ដែលជាការកើនឡើងខ្លាំងបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២២។ ក្រៅពីនេះ តម្លៃនាំចូលពីជប៉ុន សហភាពអឺរ៉ុប និងកាណាដាក៏បានកើនឡើងដែរ ខណៈដែលទំនិញនាំចូលពីម៉ិកស៊ិកបានធ្លាក់ចុះ ០.៥%។

លោក Abiel Reinhart សេដ្ឋវិទូមកពី JPMorgan បាននិយាយថា៖ «មុនពេលមានជម្លោះចុងក្រោយនៅមជ្ឈិមបូព៌ា ធនាគារកណ្តាល Fed បានប្រឈមមុខនឹងអតិផរណាជាមូលដ្ឋានដែលនៅតែរឹងរូសរួចទៅហើយ។ កត្តានេះអាចធ្វើឱ្យ Fed កាន់តែរារែកក្នុងការបញ្ចុះអត្រាការប្រាក់ ដរាបណាទីផ្សារការងារនៅតែរឹងមាំ»។
ទន្ទឹមនឹងនេះដែរ លទ្ធផលស្ទង់មតិពី Reuters/Ipsos បានរកឃើញថា ពិន្ទុគាំទ្រ របស់ប្រធានាធិបតី ត្រាំ បានធ្លាក់ចុះដល់ «កម្រិតទាបបំផុត» ចាប់តាំងពីលោកបានត្រឡប់ចូលមកកាន់សេតវិមានវិញ៕

ប្រភព៖ Reuters

Share.