ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី បានទម្លាយថា ប្រទេសរុស្ស៊ីកំពុងព្យាយាមគំរាមកំហែងសហរដ្ឋអាមេរិកដោយដាក់សំណើថានឹងបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ទៅឱ្យប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនយល់ព្រមបញ្ឈប់ការផ្តល់ព័ត៌មានសម្ងាត់យោធាដល់ប្រទេសអ៊ុយក្រែន។
លើសពីនេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ថា អង្គភាពព័ត៌មានសម្ងាត់យោធារបស់អ៊ុយក្រែនមានភស្តុតាងដែលមិនអាចប្រកែកបានថាអាជ្ញាធររុស្ស៊ីនៅតែបន្តបញ្ជូនព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់យ៉ាងខ្ជាប់ខ្ជួន។លោកបានសង្កត់ធ្ងន់ថា លោកបានឃើញព័ត៌មានទាំងនោះដោយផ្ទាល់ភ្នែកប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមឡើយ។

មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានផ្ដល់ព័ត៌មានផងដែរថា ដ្រូនប្រភេទ Shahed របស់អ៊ីរ៉ង់មួយចំនួនដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ក្នុងអំឡុងពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមានបំពាក់នូវគ្រឿងបន្លាស់ដែលផលិតដោយរុស្ស៊ី។
លោក ហ្សេលេនស្គី បានលើកឡើងថារបាយការណ៍ពីអង្គភាពព័ត៌មានសម្ងាត់អ៊ុយក្រែនបង្ហាញថារុស្ស៊ីកំពុងធ្វើសកម្មភាពបែបនេះ ហើយនិយាយថាខ្លួននឹងមិនផ្តល់ព័ត៌មានសម្ងាត់ឱ្យអ៊ីរ៉ង់ឡើយប្រសិនបើអាមេរិកឈប់ផ្តល់ព័ត៌មានសម្ងាត់ឱ្យអ៊ុយក្រែន។ លោកបានដាក់ជាសំណួរថា៖ «តើនេះមិនមែនជាការគំរាមកំហែងទេឬ? ពិតណាស់ វាគឺជាការគំរាមជំរិតទាមទារ»។

ទោះជាយ៉ាងណាមេដឹកនាំអ៊ុយក្រែនមិនបានបញ្ជាក់ថា រុស្ស៊ីបានផ្ញើសំណើ ឬសារនោះទៅកាន់បុគ្គល ឬអង្គភាពណាមួយឡើយ។ចំណែកខាងភាគីរុស្ស៊ីវិញ បានបដិសេធថាខ្លួនមិនបានផ្តល់ជំនួយដល់អ៊ីរ៉ង់ក្នុងជម្លោះដែលកំពុងបន្តប្រហែល ១ ខែមកនេះរវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឡើយ។

ក្នុងពេលជាមួយគ្នានេះប្រទេសអ៊ុយក្រែនដែលត្រូវប្រឈមមុខនឹងការវាយប្រហារជាបន្តបន្ទាប់ពីដ្រូនប្រភេទ Shahed តាំងពីឆ្នាំ ២០២២ មកកំពុងផ្តល់ជំនួយដល់ប្រទេសមួយចំនួនក្នុងតំបន់ឈូងសមុទ្រពែរ្ស រួមមាន អារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួម និងកាតាក្នុងការទប់ទល់នឹងការគំរាមកំហែងពីដ្រូនដែលកំពុងកំណត់គោលដៅវាយប្រហារលើទីតាំងជាច្រើន។
លើសពីនេះ លោក ហ្សេលេនស្គីក៏បានបង្ហាញក្តីសង្ឃឹមថាអ៊ុយក្រែននឹងអាចចុះកិច្ចព្រមព្រៀងរយៈពេលវែងជាមួយប្រទេសមួយចំនួនក្នុងតំបន់ឈូងសមុទ្រដើម្បីកៀរគរថវិកាសម្រាប់ការផលិតដ្រូនស្ទាក់ចាប់របស់អ៊ុយក្រែនឬដើម្បីផ្គត់ផ្គង់មីស៊ីលការពារជើងអាកាស ដែលអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់ផងដែរ៕

