ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ នឹងចូលរួមប្រកួតពានយុវជនប្រចាំតំបន់អាស៊ាន Asean U17 Boy’s Championship 2026 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំជាម្ចាស់ផ្ទះ។

ចំពោះបេសកម្មបាល់ទាត់របស់គោព្រៃជំទុងកម្ពុជា អាយុក្រោម១៧ឆ្នាំ គឺស្ថិតនៅក្នុងពូល C ជាមួយក្រុមជម្រើសជាតិអូស្ត្រាលី, ក្រុមសិង្ហបុរី និងក្រុមប៊្រុយណេ ខណៈការប្រកួតគ្រោងនឹងរៀចំពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងមហាស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី។
កាលវិភាគប្រកួតរបស់ក្រុមគោព្រៃកម្ពុជា គឺ៖
- កម្ពុជា ប៉ះ សិង្ហបុរី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
- ប៊្រុយណេ ប៉ះ កម្ពុជា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
- អូស្ត្រាលី ប៉ះ កម្ពុជា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦

ចំពោះ២ពូលផ្សេងគ្នាគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម, ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល B មានក្រុមជម្រើសជាតិហ្វីលីពីន, ថៃ, ឡាវ និងមីយ៉ាន់ម៉ា។
សម្រាប់រូបមន្តប្រកួតគឺ ក្រុមទាំង១២ ដែលមានឈ្មោះប្រកួតត្រូវប៉ះគ្នាក្នុងពូល៣ផ្សេងគ្នា ដើម្បីរកពិន្ទុឈរលើគេ ដោយក្រុមកលេខ១ក្នុងពូលចំនួន៣ក្រុម និងក្រុមលេខ២ល្អជាងគេ១ក្រុម នឹងត្រូវបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។
ពានរង្វាន់ Asean U17 Boy’s Championship បង្កើតឡើងដំបូងនៅឆ្នាំ២០០២ ដោយប្រទេសឥណ្ឌូណេស៊ី ផ្ទាល់បានទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ ស្របពេលម្ចាស់ជើងឯកគឺថៃ, រៀតណាម និងអូស្រ្តាលី ឈ្នះច្រើនជាងគេ ៣លើក ខណៈមីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ឈ្នះបាន២លើកដូចគ្នា៕

