ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបន្តយុទ្ធនាការរឹតបន្តឹងសន្តិសុខ ដោយចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ នៅកាស៊ីណូ «ជីន យូ មេន តាំង» និងឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។


យោងតាមរបាយការណ៍ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងសង្ស័យជាច្រើន ក្នុងនោះរួមមានផ្ទះ ៨០ខ្នង នៅបុរី «គុជ អាស៊ី» ដោយដកហូតសម្ភារៈជាច្រើនដូចជា កុំព្យូទ័រ ១៣៣គ្រឿង ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ ៥ដើម។
នៅជុំទី៣ ក្នុងកាស៊ីណូខាងលើ សមត្ថកិច្ចបានរកឃើញមនុស្ស ៩នាក់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធ និងយកទៅរក្សាទុកសម្រាប់នីតិវិធីច្បាប់។


បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ គិតត្រឹមថ្ងៃទី២៦ ខែមីនា សមត្ថកិច្ចបានបង្ក្រាបទីតាំងពាក់ព័ន្ធ Online Scams ចំនួន ១៦កន្លែង ក្នុងចំណោមទីតាំងសង្ស័យសរុប ៥៩៦កន្លែងដែលបានត្រួតពិនិត្យ។
ជាមួយគ្នានេះ អាជ្ញាធរបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ ការបង្ក្រាបបទល្មើសឆបោកអនឡាញទូទាំងប្រទេស បានបិទខ្ទប់ទីតាំងសរុប ២៣៦កន្លែង ហើយរាជរដ្ឋាភិបាលក៏បន្តប្តេជ្ញាបោសសម្អាតបទល្មើសប្រភេទនេះឱ្យអស់ពីកម្ពុជា។
អត្ថបទ÷កណ្តាល

