កំពង់ចាម៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួល និងផ្សះផ្សាវិវាទ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្ត។




ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ថ្នាក់ដឹកនាំបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងប្រសិទ្ធភាព និងល្បឿននៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសវិវាទនៅមូលដ្ឋាន។




អាជ្ញាធរបានបង្ហាញថា ការបង្កើតយន្តការដោះស្រាយវិវាទក្រៅតុលាការ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកែទម្រង់រដ្ឋ ដើម្បីជួយបន្ថយភាពស្មុគស្មាញ និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។ កិច្ចព្រមព្រៀងនេះនឹងជួយលើកកម្ពស់គុណភាព និងភាពឆាប់រហ័សនៃការសម្រុះសម្រួលផ្សះផ្សាវិវាទនៅកម្ពុជា៕
អត្ថបទ÷អាចារ្យលាក់

