លោក វន សំភាស់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញឌីជីថលដល់កុមារកម្ពុជាតាំងពីកម្រិតបឋមសិក្សា ដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយ។ លោកបានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាចាំបាច់ត្រូវមានពលរដ្ឋដែលមានចំណេះដឹង និងបំណិនផ្នែកឌីជីថលច្បាស់លាស់ ដោយចាប់ផ្ដើមពីការរៀនកូដ (Coding) ការប្រើប្រាស់កុំព្យូទ័រ និងកម្មវិធីទំនើបៗផ្សេងៗទៀត តាំងពីវ័យក្មេង។ ការរៀបចំមូលដ្ឋានគ្រឹះនេះ នឹងធ្វើឱ្យកុមារ និងយុវជនជំនាន់ក្រោយ ក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ ជាពិសេសនៅពេលដែលកម្ពុជាឈានទៅដល់ឆ្នាំ ២០៣០, ២០៤០, និង ២០៥០ ខាងមុខ។

បន្ថែមពីលើការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល លោក សំភាស់ ក៏បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំផងដែរ។ លោកបានពន្យល់ថា កុំព្យូទ័រមិនត្រឹមតែជាឧបករណ៍សម្រាប់រៀនបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជួយឱ្យកុមាររៀនមុខវិជ្ជាគោលដទៃទៀត ដូចជា គណិតវិទ្យា និងភាសាខ្មែរ កាន់តែរហ័ស និងមានភាពរីករាយ។ តាមរយៈការដាក់ឱ្យដំណើរការនូវបន្ទប់កុំព្យូទ័រ និងការបំពាក់កម្មវិធីសិក្សាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) អង្គការរបស់លោកមានគោលបំណងលើកកម្ពស់គុណភាពនៃការរៀន និងការបង្រៀនឱ្យកាន់តែប្រសើរឡើង ទោះជាស្ថិតក្នុងតំបន់ដាច់ស្រយាល ឬតំបន់ទីប្រជុំជនក្ដី ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោល។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានឹងមិនអាចរឹងមាំទៅបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល អង្គការដៃគូ និងជាពិសេសគឺមាតាបិតាសិស្សនៅក្នុងសហគមន៍។ ការយល់ដឹង និងការគាំទ្ររបស់អាណាព្យាបាលចំពោះការរៀនបច្ចេកវិទ្យារបស់កូនៗ គឺជាកម្លាំងរុញច្រានដែលធ្វើឱ្យកម្ពុជាអាចកសាងបាននូវសង្គមចំណេះដឹងមួយ ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់យុគសម័យសេដ្ឋកិច្ចថ្មី។ ទស្សនវិស័យដែលលោកបានលើកឡើងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា អនាគតរបស់កម្ពុជាស្ថិតនៅលើចុងម្រាមដៃរបស់យុវជនជំនាន់ក្រោយ ដែលកំពុងក្រេបជញ្ជក់ចំណេះដឹងផ្នែកបច្ចេកវិទ្យានៅថ្ងៃនេះ ដើម្បីក្លាយជាសសរទ្រូងនៃសេដ្ឋកិច្ចជាតិនៅថ្ងៃស្អែក។

ពាក់ព័ន្ធនឹងសកម្មភាពការងារ និងសមិទ្ធផលដែលសម្រេចបាន អង្គការរបស់លោកបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលារៀនជាច្រើន។ ក្នុងនោះ រួមមានការសាងសង់ និងជួសជុលអគារសិក្សា ក៏ដូចជាការបំពាក់សម្ភារបច្ចេកវិទ្យា។ ជាតួលេខសំខាន់ៗដែលគួរឱ្យកត់សម្គាល់នោះ គឺអង្គការបានគាំទ្រដល់សាលារៀនជាង ៣០ នៅក្នុងខេត្តសៀមរាប និងសរុបជាង ១,៧០០ សាលានៅទូទាំងប្រទេស ដែលភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយាល។ ចាប់តាំងពីឆ្នាំ ២០២៣ មក អង្គការបានចំណាយថវិកាជាង ១ លានដុល្លារ សម្រាប់តែក្នុងខេត្តសៀមរាប ហើយរហូតមកដល់ពេលនេះ បានបំពាក់កុំព្យូទ័រជូនតាមសាលារៀនបានចំនួនជាង ៣ ០០០ គ្រឿងរួចរាល់ហើយ។ ដោយឡែក នៅសាលាបឋមសិក្សាខ្នារនេះផ្ទាល់ បច្ចុប្បន្នមានកុំព្យូទ័រចំនួន ៣០ គ្រឿង និងមានគោលដៅបង្កើនឱ្យដល់ ៦០ គ្រឿង ដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សដែលកើនឡើងក្នុងថ្នាក់នីមួយៗ៕

Share.