ការប្រកួត​ពានរង្វាន់ សុីភីអីល ឃែរ ខាប់ CPL Cares Cup U-14 ឆ្នាំ២០២៦ បាន​បញ្ចប់​ ដោយ​ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ របស់​ក្លិបបាល់ទាត់វិសាខា គឺ​ជាម្ចាស់​ជើង​ឯក​ក្រោយ​យក​ឈ្នះ​ក្រុម​យុវជន​អាយុក្រោម​១៤ឆ្នាំ ភ្នំពេញក្រោន ដោយ​បាល់កាត់​សេចក្ដី១១ម៉ែត្រ ២ទល់និង១ ក្រោយ​ប្រកួត​ស្មើគ្នា។

សម្រាប់​ជ័យ​ជម្នះជាម្ចាស់ជើង ​របស់​ក្រុម​យុវជន​១៤ឆ្នាំ របស់​វិសាខា នេះគឺ​ជាពាន​ទី៤ ហើយ​សម្រាប់ឈុត​យុវជន​ និង​ឈុត B របស់​ក្លិប​​នៅរដូវ​កាល​ឆ្នាំ២០២៥-២៦។

ក្រុម B វិសាខា (ភាគច្រើនយុវជន) ឈ្នះជើងឯកលីគអភិវឌ្ឍន៍ ឆ្នាំ២០២៥-២៦

ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ វិសាខា ឈ្នះជើងឯក លីគយុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២៥-២៦

ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ វិសាខា ឈ្នះជើងឯក លីគយុវជនអាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៥-២៦

ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ វិសាខា ឈ្នះជើងឯក សុីភីអីល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ឆ្នាំ ឆ្នាំ២០២៦

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) រៀបចំការប្រកួត​បាល់ទាត់​ពាន​រង្វាន់ CPL Cares Cup U-14 ឆ្នាំ​២០២៦ ជាលើកទី១ ​ការ​ប្រកួតរយៈពេល ២ថ្ងៃ ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃ សៅរ៍-អាទិត្យ ទី២៨-២៩ ខែមីនា នៅ​ទីលានហ្វឹកហាត់ភ្នំពេញក្រោន។

តាម​រយ:​ការ​រៀប​ចំពាន​រង្វាន់ CPL Cares Cup U-14 របស់​ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ​នេះ​ ធ្វើ​​ឡើង​ក្នុង​គោលបំណងដើម្ប​ជួយឱ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុង​ចូល​រួម​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជា​ពិសេស​តាម​ចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ។

គួរ​បញ្ជាក់ថា ពាន​រង្វាន់ CPL Cares Cup U-14 ឆ្នាំ​២០២៦ មាន​ក្រុមយុវជន នៃក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១០​ក្រុមរួម​មាន៖ ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, កងយោធ​ពលខេមរ​ភូមិន្ទ​, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយអេសអាយ ដង្កោ​សែន​ជ័យ និង​ណាហ្គា​វើលដ៍ ដោយក្រុមនីមួយៗ អាចចុះឈ្មោះកីឡាករចាប់ពី ២១ ដល់ ៣៥​នាក់​ សម្រាប់កីឡាករមានឆ្នាំកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២៕

Share.