ហេតុការណ៍ដ៏រន្ធត់ចុងក្រោយមួយបានផ្ទុះឡើងនៅកណ្តាលទីក្រុងបាងកក ដោយក្រុមជនជាតិថៃមួយក្រុមបានរៀបចំការចាប់ជំរិតស្ត្រីជនជាតិចិនម្នាក់ យកទៅធ្វើទារុណកម្ម និងបម្រុងដឹកបញ្ជូនឆ្លងដែនខុសច្បាប់ទៅកាន់តំបន់ម៉ែសត (Mae Sot) ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយរបស់កាសែតថៃ Khaosod នាពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ នៅខេត្តកាំផែងផេត (Kamphaeng Phet)បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលរថយន្តសេរីទំនើបមួយគ្រឿងបានបើកបុកទម្លុះបារ៉ាស និងរត់គេចពីទីតាំងត្រួតពិនិត្យរបស់ប៉ូលិសថៃ។ ជនរងគ្រោះជាស្ត្រីជនជាតិចិន រៀបរាប់ថា រូបនាងត្រូវបានក្រុមជនល្មើសថៃប្រើល្បិចបោកប្រាស់ចេញពីសណ្ឋាគារមួយកន្លែងក្នុងក្រុងបាងកក រួចប្រើប្រាស់ហិង្សា វាយដំទះកំផ្លៀង និងប្រើប្រាស់ខ្សែជ័រចងស្លាបសេក ព្រមទាំងប្លន់យកទូរស័ព្ទដៃ និងសម្ភារៈផ្ទាល់ខ្លួន។ ក្នុងអំឡុងពេលដែលរថយន្តកំពុងបើកគេចពីការដេញតាមរបស់ប៉ូលិស ស្ត្រីរងគ្រោះបានប្រមូលកម្លាំងចិត្តចុងក្រោយ លោតចុះពីរថយន្ត និងរត់ទៅសុំជំនួយពីអ្នកភូមិនៅក្បែរនោះទាំងខ្លួនប្រឡាក់ឈាម និងជាប់ចំណង។

សមត្ថកិច្ចបានបើកប្រតិបត្តិការតាមប្រញ៉ាប់ និងឃាត់ខ្លួនជនជាតិថៃចំនួន ៤ នាក់ មានអាយុចន្លោះពី ២២ ដល់ ៤១ ឆ្នាំ មានស្រុកកំណើតនៅខេត្តតាក។ ការស៊ើបអង្កេតបឋមបានទម្លាយឱ្យដឹងថា ក្រុមជនជាតិថៃទាំងនេះ ត្រូវបានគេជួលឱ្យធ្វើសកម្មភាពចាប់ជំរិត និងដឹកជញ្ជូនជនរងគ្រោះឆ្លងដែនខុសច្បាប់ទៅកាន់តំបន់ច្រកព្រំដែនម៉ែសត ដើម្បីលក់បន្តទៅឱ្យបណ្តាញឧក្រិដ្ឋកម្ម និងបង្ខំឱ្យធ្វើការងារដោយខុសច្បាប់។
អង្គហេតុដ៏ស្អុយរលួយនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពអសន្តិសុខដ៏ធ្ងន់ធ្ងរ និងបញ្ហាកង្វះការគ្រប់គ្រងច្បាប់នៅក្នុងប្រទេសថៃ ដែលដើរតួជាដែនដីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនចាប់ជំរិតជនបរទេសកណ្តាលក្រុង។ ការដែលថៃតែងតែព្យាយាមចោទប្រកាន់ប្រទេសជិតខាងជុំវិញបទល្មើសអនឡាញ និងការជួញដូរមនុស្ស គឺជាការបង្វែរដានពីការពិតជាក់ស្តែងដែលថា ក្រុមជនជាតិថៃខ្លួនឯងផ្ទាល់ គឺជាអ្នកដើរតួជាមេខ្យល់ ឧក្រិដ្ឋជនចាប់ជំរិត និងជាប្រភពបង្កើតបទល្មើសជួញដូរមនុស្សឆ្លងដែនយ៉ាងពិតប្រាកដ៕
