តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានចេញមុខធ្វើការតវ៉ាជាផ្លូវការ និងយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត និងប្រកបដោយចេតនាបង្កហេតុរបស់នាយករដ្ឋមន្ត្រីថៃ ចូលមកកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។ ទង្វើរបស់ប្រមុខរដ្ឋាភិបាលថៃរូបនេះ ត្រូវគេមើលឃើញថា គឺជាការប៉ុនប៉ងដោយចេតនាក្នុងការអះអាងពីការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃបើកការទន្ទ្រានកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំមុន។

នៅក្នុងការវាយបក និងដេញដោលតាមផ្លូវច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា «គ្មានសិទ្ធិស្របច្បាប់ណាមួយ អាចកើតចេញពីទង្វើខុសច្បាប់នោះបានឡើយ»។ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចប្រែក្លាយទៅជាមានភាពស្របច្បាប់តាមចិត្តចង់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ឬការប្រើប្រាស់ល្បិចនយោបាយបង្កហេតុនោះឡើយ។

ទស្សនកិច្ចគ្មានការអនុញ្ញាតនេះ ស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងដោយចេតនាលើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាយ៉ាងច្បាស់លាស់ដោយផែនទីខ្នាត ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។ លើសពីនេះ ទង្វើនេះបានរំលោភលើចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងដាច់ខាតនូវរាល់សកម្មភាពបង្កហេតុទាំងឡាយណាដែលបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា ទាំងផែនទីដែលគូសដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីស្រមៃរបស់ថៃ មិនអាចផ្លាស់ប្តូរខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានឡើយ។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយដំណើរទស្សនកិច្ចនេះ ក៏មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហរដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ភ្លាមៗនូវរាល់សកម្មភាពរំលោភបំពានបែបនេះ នៅតំបន់អានសេះ ក៏ដូចជានៅតាមបណ្តាតំបន់ផ្សេងទៀតដែលយោធាថៃបានកាន់កាប់ខុសច្បាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នា និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ទោះបីជាត្រូវប្រឈមមុខនឹងការរំលោភបំពានម្តងហើយម្តងទៀតក៏ដោយ កម្ពុជានៅតែបន្តបង្ហាញជំហរជាមុតមាំក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះរបស់ខ្លួនយ៉ាងច្បាស់ថា «កម្ពុជាមិនបាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត្រ ហើយក៏មិនអនុញ្ញាតឱ្យភាគីណាមួយយកអធិបតេយ្យភាពជាតិមកធ្វើជាល្បែងដោះដូរដោយកម្លាំង ឬតាមចិត្តចង់បានឡើយ»៕

Share.